សន្ដិសុខសង្គម

ជនសង្ស័យ២នាក់ម្នាក់ជាបរទេសស្បែកខ្មៅលួចហែកបន្ទប់ឃុំឃាំង​​រត់គេចខ្លួន

ភ្នំពេញ៖ជនសង្ស័យ២នាក់ម្នាក់ជាបរទេសស្បែកខ្មៅ បានលួចហែកបន្ទប់ឃុំឃាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចរត់គេចខ្លួនបាត់ ត្រូវសមត្ថកិច្ចតាមរកចាប់មកវិញ។ហេតុការណ៍នេះបានកើតឡើងនៅអធិការដ្ឋាននគរបាល​ខណ្ឌឫស្សីកែវ កាលពីម៉ោង១០យប់ ថ្ងៃទី២៥ ខែមេសា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងនេះបានកើតឡើងពេលកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ខ្លាំង។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវជាច្រើននាក់បានចេញតាមស្វែងរកចាប់ជនសង្ស័យមកវិញ។

គួរបញ្ជាក់ថា ជនសង្ស័យ២នាក់ម្នាក់ជាខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ ដោយពួកគេពាក់ព័ន្ធបទល្មើសផ្សេងគ្នា ។ក្នុងនោះជនស្បែកខ្មៅពាក់ព័ន្ធបទឧក្រិដ្ឋសម្លាប់មនុស្សត្រូវបានឃុំខ្លួន​នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា។

ចំណែកបុរសខ្មែរពាក់ព័ន្ធលួចរថយន្តទំនើបក្នុងខណ្ឌឫស្សីកែវ ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។រហូតមកដល់រសៀលថ្ងៃទី២៦ ខែមេសានេះសមត្ថកិច្ចមិនទាន់មានតម្រុយពីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យនៅឡើយទេ។កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ