សន្ដិសុខសង្គម

ចិនម្នាក់បើករថយន្តបុករបាំងថ្មចែកផ្លូវក្រឡាប់ផ្ងារកង់ខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖បុរសចិន​ម្នាក់បានបើករថយន្តម៉ាកToyota Prius យ៉ាងលឿនជ្រុលទៅបុករបាំងថ្ម ចែកផ្លូវជាតិលេខ៤​ពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារកង់រងការខូចខាតយ៉ាងដំណំ​។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤ ម្តុំស្ពានអាកាសផ្លូវល្បឿនលឿន ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងរថយន្តម៉ាក​ Toyota Prius ផ្លាកលេខភ្នំពេញ2AW-2813​ បើកតាមផ្លូវជាតិលេខ៤​ពីលិចទៅកើតក្នុងល្បឿនលឿន​។

មកដល់កន្លែងខាងលើអ្នកបើកបរទំនងខ្វះការប្រុងប្រយ័ត្ន​បានបុករបាំងថ្មចែកផ្លូវពេញទំហឹង​ បណ្ដាលឱ្យបាក់របាំងថ្ម២កង់​ រីឯរថយន្តបានក្រឡាប់ផ្ងារកង់ម្ខាងរងការខូចខាតយ៉ាងដំណំ​។

បន្ទាប់ពីរថយន្តក្រឡាប់ តៃកុងជាជនជាតិចិនបានបើកទ្វារលូនចេញពីក្នុងរថយន្ត​រងរបួសបន្តិចបន្តូច​ហើយក៏ដើរចេញគេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចជំនាញបានមកយករថយន្តបង្កទៅទុករង់ចាំដោះស្រាយពេលក្រោយ​៕​ដោយ៖វិចិត្រ