សន្ដិសុខសង្គម

ឃុំខ្លួនជនបរទេស២នាក់ករណីលួចកាបូបលុយភ្ញៀវទេសចរជាតិថៃម្នាក់

សៀមរាប៖តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា បានឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ ករណីបន្លំលួចលុយកាបូបដាក់សម្ភារមានតម្លៃពីភ្ញៀវទេសចរជនជាតិថៃម្នាក់។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា បុរសបរទេស២នាក់បានបន្លំខ្លួនធ្វើជា​ភ្ញៀវចូលទៅក្នុងភោជនីយដ្ឋាននៃសណ្ឋាគារ“តារាអង្គរ” ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប។ពេលនោះជនសង្ស័យឆ្លៀតឱកាសខណៈជនរងគ្រោះដើរទៅយកម្ហូបអាហារ ក៏លួចកាបូបរបស់ជនរងគ្រោះហើយរត់គេចខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវ រហូតឃាត់ខ្លួនជនជាតិប៉េរូ២នាក់នៅបរិវេណផ្ទះសំណាក់យីហោ“អ៊ុនពិសិដ្ឋ” ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប។ក្នុងនោះដកហូតវត្ថុតាងលិខិតឆ្លងដែនជនរងគ្រោះ១ក្បាល-អាយផេតប្រូ១គ្រឿង-កាបូបលុយ១-ប្រាក់ដុល្លារ ចំនួន៤៨០ដុល្លារ-កាតធនាគារ២សន្លឹក-ប័ណ្ណបើកបរ-១សន្លឹក-ខ្សែដៃលោហធាតុពណ៌ទង់ដែង១ខ្សែនិងក្រវិលលោហធាតុពណ៌ទង់ដែង៦គូ។សម្ភារទាំងអស់នេះបានប្រគល់ឱ្យម្ចាស់ដើមវិញ។

ជនសង្ស័យទាំង២នាក់-ឈ្មោះ RIOS VELAZCO CESAR GUIL LERMO អាយុ៦៧ឆ្នាំ ជាភ្ញៀវទេសចរ ចូលមកកម្ពុជាកាលពីថ្ងៃទី១៣ ខែមេសានិងឈ្មោះ YAURI BELAONIA CESAR LUIS អាយុ៧១ឆ្នាំ ពួកគេជាជនជាតិប៉េរូ។ចំណែកជនរងគ្រោះឈ្មោះ RAPHIPHAN WARAVUT អាយុ៦៦ឆ្នាំ ជាតិថៃ ជាប្រធានផ្នែកក្រុមហ៊ុនសេវាកម្មចរាចរណ៍ដែនអាកាសកម្ពុជា៕ដោយ៖វិចិត្រ