អន្តរជាតិ

ការរត់ម៉ារ៉ាតុងដោយស្លៀកពាក់ប្លែកៗបំបែកកំណត់ត្រាពិភពលោក

ដោយ៖ សហការី

ស្ថាប័នធំៗចំនួនពីរ មាន TCS London Marathon និង Guinness World Records បានរួមគ្នាបង្កើតឲ្យមានការរត់ម៉ារ៉ាតុងដោយស្លៀកពាក់ប្លែកៗបំបែកកំណត់ត្រាពិភពលោក អំឡុងពេលប្រកួត TCS London Marathon ២០២៣។

ក្រោយពីការរត់ម៉ារ៉ាតុងកាលពីឆ្នាំមុនដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ ២០២២ នៅក្នុងព្រឹត្តិការណ៍លើកទី ៤៣ គឺត្រឡប់មកធ្វើការរត់ប្រណាំងនៅនិទាឃរដូវកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣។ អ្នកទស្សនានិងក្រុមគ្រួសាររបស់ពួកគេចង់ដឹង ចង់ឃើញអ្នករត់ប្រណាំងយ៉ាងអន្ទះសា ដោយនៅថ្ងៃប្រកួតមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។

អត្តពលិកនៅក្នុងទម្រង់សម្លៀកបំពាក់ច្នៃម៉ូដជារូបរាងផ្សេងៗ វាមានទម្ងន់រៀងធ្ងន់បន្តិច តែពួកគេបានខិតខំប្រកួតប្រជែងដ៏អស្ចារ្យ ដើម្បីបំបែកកំណត់ត្រាជើងឯករត់ម៉ារ៉ាតុងនៅទីក្រុងឡុងដ៍ ដែលជាមហិច្ឆតាសម្រេចឲ្យបាននូវក្តីសុបិនរបស់ពួកគេ។ ដូច​សព្វ​មួយ​ដង អ្នក​រត់​ប្រណាំង​ជា​ច្រើន​​បានខិតខំ​ព្យាយាម​បំបែក​កំណត់​ត្រា​ ដើម្បីជាការឆ្លើយតបចំពោះសប្បុរស​ជន​ដែលបានគាំទ្រសកម្មភាពរបស់ពួកគេ​។

ក្នុងនោះក៏មានការចូលរួមពីសមាគមលើកកម្ពស់ការយល់ដឹងអំពីជំងឺ និងអង្គការសប្បុរសធម៌ ដែលផ្តោតលើវិស័យបរិស្ថាន និងការអភិរក្ស គឺជាប្រធានបទដែលគួរឲ្យស្រឡាញ់ផងដែរ សម្រាប់ព្រឹត្តិការណ៍ TCS London Marathon ជាមួយនឹងផែនការអភិរក្សប្រកបដោយនិរន្តរភាព ដែលបានរៀបរាប់នៅលើគេហទំព័ររបស់ពួកគេ។

អ្នកបំបែកកំណត់ត្រាដែលអាចធ្វើបានចំនួន ៧១ នាក់ បានប្រមូលផ្តុំគ្នានៅក្រុង Greenwich នៃទីក្រុងឡុងដ៍ ដើម្បីជួបជុំពិនិត្យឈុតសម្លៀកបំពាក់របស់ពួកគេ ដោយក្រុមអ្នកត្រួតពិនិត្យកំណត់ត្រាពិភពលោក Guinness។ នៅទីបំផុតមានអ្នករត់សរុបចំនួន ៤៤ នាក់ ដណ្តើមបានកំណត់ត្រាពិភពលោកលទ្ធផលដ៏មិនគួរឲ្យជឿ នេះគឺដោយសារការខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីសម្រេចឲ្យបានជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

គួរបញ្ជាក់ថា អ្នកកាត់ក្តីរបស់ Guinness World Records លោក Will Munford ក៏មានវត្តមាននៅឯខ្សែបន្ទាត់កំណត់ទីចុងបញ្ចប់ ស្របតាមទម្រង់បែបបទជាលក្ខណៈផ្លូវការ ដើម្បីធ្វើការវិនិច្ឆ័យបញ្ជាក់លើកំណត់ត្រា និងធ្វើការអបអរសាទរលើរាល់កំណត់ត្រាដែលត្រូវបានបំបែក។

Alex Grady ជា​អ្នក​រត់​ប្រណាំង​ដំបូង​គេដណ្តើមបានជ័យជម្នះបំបែក​កំណត់​ត្រា​ពិភពលោក

គាត់បានឆ្លងផុតវគ្គបញ្ចប់ និងដណ្តើមបានជើងឯកពិភពលោកសម្រាប់ការរត់ម៉ារ៉ាតុងលឿនបំផុត ជាមួយនឹងពេលវេលាដែលមិនគួរឲ្យជឿ គឺ 02:38:52 ដោយគ្រងឈុតជាអ្នកប្រដាល់៕