សន្ដិសុខសង្គម

អ្នកសម្លាប់ម្ដាយនិងកូន១១ឆ្នាំមុនក្នុងក្រុងបាត់ដំបងចាប់បាននៅខេត្តតាកែវ

បាត់ដំបង៖ជនសង្ស័យម្នាក់ដែលសម្លាប់ថៅកែអេតចាយម្ដាយនិងកូន កាលពី១១ឆ្នាំមុនក្នុងក្រុងបាត់ដំបងនោះ ត្រូវសមត្ថកិច្ចខេត្តតាកែវចាប់ខ្លួនបានហើយ ខណៈរូបគេមានជម្លោះជាមួយឪពុកក្មេក។

លោក វ៉ាន់ តារា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឱ្យដឹងថា ថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តតាកែវ អនុត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន បានឃាត់ជនសង្ស័យម្នាក់នៅភូមិពង្រ ឃុំខ្វាន់ ស្រុកទ្រាំង ខេត្តតាកែវ ពេលជននេះបានប្រើអំពើហិង្សាទៅលើឪពុកក្មេក។
រូបគេជាប់ពាក់ព័ន្ធអំពើឃាតកម្មកាលពី១១ឆ្នាំមុន រួចសមត្ថកិច្ចខេត្តតាកែវបានប្រគល់ឱ្យនគរបាលខេត្ត​បាត់ដំបងដើម្បីបន្តនីតិវិធី។ ជនសង្ស័យឈ្មោះ ច្រាញ់ អឿម អាយុ៣៤ឆ្នាំ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។បុរសរូបនេះបានប្រើកាំបិតអារកសម្លាប់ថៅកែ អេតចាយម្ដាយនិងកូនស្រី នៅក្នុងបន្ទប់ដែលគេអះអាងថា​ផ្ដើមចេញពីរឿងគំនុំ។

អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនោះបានកើតឡើងនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២។ជន​ត្រូវ​ចោទ​បាន​សារភាព​ថា កាលនោះខ្លួន​ពិតជា​បានស​​ម្លា​​ប់​ថៅកែ​អេ​ត​ចាយ​​ម្ដាយ​និង​កូនស្រី​​មែន។

ក្រោយពី​ស​ម្លា​​ប់​ថៅកែ​អេ​ត​ចាយរួច ខ្លួន​បាន​​រត់ទៅប្រទេស​ថៃ រហូត​ដល់​អំឡុង​ឆ្នាំ​២០២០ ​ចំ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទើប​ខ្លួន​លួច​ត្រឡប់​មក​វិញ។ពេល​ត្រឡប់​ចូលស្រុកខ្មែរ​ ខ្លួន​មិន​បាន​ស្នាក់​នៅ​ខេត្តបាត់ដំបង​ទេ គឺ​គេច​ទៅ​​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ឯ​ខេត្តតាកែវ រហូត​មក​ដល់​ថ្ងៃ​សមត្ថកិច្ច​​ចាប់ខ្លួន​៕ដោយ៖វិចិត្រ