អន្តរជាតិ

ហេតុអ្វីបានជាសត្វអណ្តើកយក​ក្រពើធ្វើ​សេះជិះដើរលេងនៅ​រដ្ឋ Florida?

ដោយ៖ សហការី

ជាធម្មតាសត្វអណ្តើក និងក្រពើពួកវា​មិន​មែន​ជា​មិត្ត​នឹង​គ្នានោះ​ទេ ហេតុអ្វីបានអណ្តើកយក​ក្រពើធ្វើ​សេះជិះដើរលេងនៅ​រដ្ឋ Florida ទៅវិញ?

បើយោងតាមសម្ដីរបស់មន្ត្រីនៃគណៈកម្មការអភិរក្សត្រី និងសត្វព្រៃនៅរដ្ឋផ្លរីដាបានឲ្យដឹងថាសត្វក្រពើវាស៊ីអណ្តើក និងស៊ីសត្វព្រៃផ្សេងៗទៀតយ៉ាងច្រើនក្រៃលែង ហើយក្រពើងាយនឹងចូលទៅចាប់ពួកវាធ្វើជាចំណីដល់ទីកន្លែងទៀតផង។ ដូច្នេះហើយនៅពេលដែលមានអ្នកសរសេរប្លក់ទេសចរណ៍នៅទីក្រុង Tampa នៃរដ្ឋ Florida បានប្រាប់ឲ្យដឹងថា គេបានឃើញអណ្តើកដ៏កម្រមួយក្បាលកំពុងជិះពីលើសត្វក្រពើ ដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានខិតខំព្យាយាមថតរូបរបស់ពួកវា។

គាត់បានប្រាប់ FOX ៣៥ News នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំអស់សំណើចដោយសារបានឃើញរឿងបែបនេះ”។ គាត់បានបង្ហោះរូបថតដែលមិនគួរឲ្យជឿនៅលើទំព័រហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Traveling with Jef ជាមួយនឹងចំណងជើងថា “អ្នកដឹងទេ នៅ florida តើអ្នកបានឃើញអណ្តើកមួយក្បាលជិះក្រពើជុំវិញស្រះដូចជាជិះសេះដែរទេ?” ។

មានអ្នកលេងហ្វេសប៊ុកម្នាក់បានហៅសត្វអណ្តើកថា “ជាជើងខ្លាំងជិះសេះកាច” វាជាការ comment ចូលហ្វេសប៊ុករបស់ Jef ដែលបានបង្ហោះឡើង។ ក្នុងខណៈនោះដែរក៏មានអ្នកផ្សេងទៀតបានបញ្ចេញមតិថា “ជិះគឺពិតជាជិះហើយ” និងខ្លះទៀតពោលថា “Ooohhhhh FL អស្ចារ្យខ្លាំងណាស់ ពិតជាកម្របានឃើញមែន” ។

លោក Jef បានប្រាប់សារព័ត៌មាន FOX ៣៥ News ថា នៅទីបំផុតអណ្តើកបានលោតគេចចេញពីសត្វក្រពើ ចម្ងាយប្រហែលជាង ១០ហ្វីត៕