សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ម្ចាស់ផ្ទះសង្ស័យបែកថ្នាំដុតផ្ទះខ្លួនឯងបង្កការខូចខាតជាច្រើន

ស្ទឹងត្រែង​៖សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់សង្ស័យបែកថ្នាំ រួចដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះខូចខាត ទ្រព្យសម្បត្តិជាច្រើន។ករណីបង្កភ្ញាក់ផ្អើលនេះនៅភូមិភ្នំធាតុ ក្រុង/ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៤ ខែមេសា។

លោកឧត្តមសេនីយ៍ត្រី នូ ហ៊ួរ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានប្រាប់​ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ចាយ ចៅនិន អាយុ៤១ឆ្នាំ សង្ស័យបែកថ្នាំ រួចដុតបំផ្លាញផ្ទះខ្លួនឯង។ក្នុងនោះទ្រព្យសម្បត្តិខូចខាតក្រោយពីភ្លើងឆេះ-បន្ទប់១ជាន់ផ្ទាល់ដី-ឈើប្រណីតចំនួន៦០សន្លឹកនិងតុឈើមូល១។

លោកស្នងការបានបញ្ជាក់ថា មូលហេតុបណ្តាល​​​​​​ឱ្យឆេះផ្ទះខាងលើនេះ គឺអាចបង្កដោយម្ចាស់ផ្ទះតែម្តង។នៅក្នុងហេតុការណ៍នេះ កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានចេញរថយពន្លត់អគ្គិភ័យ ១គ្រឿង ប្រើប្រាស់ទឹក ២ឡានទើបភ្លើងរលត់ទាំងស្រុង​ដោយមិនរាលដាលទៅកន្លែងផ្សេងទៀតទេ។ចំពោះជនសង្ស័យត្រូវកម្លាំងនគរបាលនាំទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខុម