អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ី៖ ការវាយផ្តាច់របស់អ៊ុយក្រែននឹងចាប់ផ្តើមប្រសិនបើក្រុង Bakhmut ដួលរលំ

មេទាហានស៊ីឈ្នួលរុស្ស៊ី Prigozhin បានចេញវាយតម្លៃថា អ៊ុយក្រែនអាចនឹងបើកការវាយផ្តាច់ ប្រសិនបើទីក្រុងបាក់មុតត្រូវបានដួលរលំធ្លាក់ក្នុងកណ្តាប់ដៃរុស្ស៊ីពេញលេញ។

លោក Yevgeny Prigozhin ដែលជាស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group មានប្រសាសន៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenksyy នឹងចាប់ផ្តើមការវាយលុកប្រសិនបើនៅពេលដែល Bakhmut ដួលរលំ។ “នៅពេលដែលយើងបញ្ចប់ការយក Bakhmut ភ្លាមៗនៅពេលដែលយើងបណ្តេញទាហាន​របស់គាត់ចុងក្រោយចេញ ឬបំផ្លាញគាត់នៅលើទឹកដី Bakhmut ការវាយលុករបស់អ៊ុយក្រែននឹងចាប់ផ្តើមនៅថ្ងៃនោះ អ៊ុយក្រែននឹងដាក់កងទ័ពជាច្រើនតាន់តាប់”។

Prigozhin បានកត់សម្គាល់បន្ថែមពីមូលហេតុដែលហេតុអ្វីបានជាប្រតិបត្តិការវាយផ្តាច់របស់អ៊ុយក្រែនមិនទាន់ចាប់ផ្តើម។ នោះដោយសារតែជាសំខាន់ គឺមកពីបញ្ហាភ្លៀង​ធ្លាក់ វាលភក់ពេញវាលស្រែពិបាកក្នុងការចល័ត សូម្បីតែឡានភីកអាប់ ក៏ងាយនឹងជាប់គាំងក្នុងភក់ដែរ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងបាក់មុតខេត្តដូណេតភាគខាងកើតអ៊ុយក្រែនត្រូវបាន​កងកម្លាំងរុស្ស៊ីកាន់កាប់បាន៨០ភាគរយ ហើយវាយរុលដណ្តើមបានទីតាំងឈរជើងជាបន្តបន្ទាប់ បើទោះជាអ៊ុយក្រែនច្រានចោលមិនទទួលស្គាល់ និងប្តេជ្ញាការពារដល់ទីបញ្ចប់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា