សន្ដិសុខសង្គម

ពេលបង្ក្រាប​បទល្មើស​បុរសម្នាក់រត់គេច​ធ្លាក់ពីអគារជាន់ទី​​១០ចំរថយន្តស្លាប់ភ្លាម

ភ្នំពេញ​៖ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅខុនដូមួយ ជនសង្ស័យម្នាក់ចំណោមប្រុសស្រី៦នាក់ បានរត់គេចខ្លួនធ្លាក់ពីអគារជាន់ទី១០ ចំរថយន្តបណ្តាលឱ្យស្លាប់ភ្លាម។ករណីនេះបានកើតឡើងនៅខុនដូរាជសម្បត្តិ តាមផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៤ ខែមេសា។ ​

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ធ្លាក់ពីលើអគារ​ស្លាប់​ឈ្មោះ​លាង អាយុប្រមាណ​២៥​ឆ្នាំ​។ចំណែកប្រុសស្រី​​​៦​នាក់​ដែល​​ឃាត់ខ្លួន​-​ឈ្មោះ​លី សុជាតា-សូ ពិសិដ្ឋ-អ៊ួន រ៉ូត-ឆេង សុខឡេង-មុំ ភារុណ និងលីវ យៀកស៊ីវ។ពួកគេមានអាយុពី១៦ដល់២២ឆ្នាំ នៅរាជធានីភ្នំពេញ។

ពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅ K មួយកញ្ចប់តូច-ក្រាមស សង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់តូច និងទឹកសម្រាប់លាយគ្រឿងញៀន១ដបតូច។បន្ទាប់ពីមនុស្សធ្លាក់លើអគារស្លាប់ នគរបាលជំនាញបានចុះពិនិត្យសព ហើយដឹកទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យ។ ចំណែកជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ