សន្ដិសុខសង្គម

បុរស២នាក់ចុះក្នុងអណ្តូងថប់ដង្ហើមស្លាប់ម្នាក់ សន្លប់បាត់ស្មារតីម្នាក់

កំពង់ធំ៖បុរសម្នាក់ចុះក្នុងអណ្តូងលូតាមខ្សែពួរមើលទឹកមានក្លិនស្អុយ ស្រាប់តែថប់ដង្ហើមស្លាប់។រីឯម្នាក់ទៀតឃើញដូច្នោះក៏ចុះតាម ស្រាប់តែថប់ដង្ហើមសន្លប់បាត់ស្មារតីត្រូវអ្នកភូមិនាំគ្នាជួយសង្គ្រោះ។ហេតុការណ៍​​​នេះស្ថិត​ក្នុង​បរិវេណ​វត្ត​សាសនៈ​រង្សី ហៅ​វត្ត​សំរោង ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមេសា។

សមត្ថកិច្ចមូលដ្ឋាន​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​ឈ្មោះមេន មី​ត អាយុ​១៨​ឆ្នាំនៅ​ភូមិ​ ​ឃុំ​ខាងលើបានស្លាប់។ឈ្មោះ សឿ​ន សៀត អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យភ្លាមៗ។

ប្រភពដដែលបានបន្ត​ថា មុនកើតហេតុអណ្ដូងទឹក​ក្នុង​វត្ត​ដែលធ្លាប់​ប្រើប្រាស់​រាល់ថ្ងៃមាន​ក្លិនស្អុយ​ប្រើ​មិនកើត។ព្រោះចង់​ដឹង​ពី​មូលហេតុ ជន​រង​គ្រោះ​ឈ្មោះមេន មី​ត ក៏​បាន​យក​ខ្សែ​ចង ហើយ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្តូងស្រាប់តែថប់ដង្ហើមស្លាប់។ ចំណែក​ឈ្មោះ សឿ​ន សៀត នៅ​ឈរ​ចាំ​មាត់​អណ្ដូង​ឮជន​រង​គ្រោះស្រែកថាពិបាកដកដង្ហើមណាស់។ភា្លមនោះក៏​​របូតដៃ​ពីខ្សែធ្លាក់​ចូល​​ទឹក​អណ្តូង​លិច​បាត់​តែ​ម្ដង។

ឃើញ​ដូច្នេះឈ្មោះ​សឿ​ន សៀត បាន​ចុះតាម​ប្រុងជួយ​ ពេល​នោះចុះ​មិន​ទាន់​ដល់​ទឹក​ផង​ស្រាប់តែ​ថប់ដង្ហើម​​ត្រូវ​​អ្នក​ភូមិ​ជួយ​ទាញ​​យក​ឡើង​វិញ​ទាន់​និងនាំទៅមន្ទីរពេទ្យ។​ករណីនេះតាមការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សាកសពមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ គឺស្លាប់ដោយសារថប់ដង្ហើមព្រោះអណ្តូងខ្វះខ្យល់អុកស៊ីហ្សែន៕ដោយ៖វិចិត្រ