សន្ដិសុខសង្គម

បាក់ច្រាំងទន្លេធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួនជិត៤០ខ្នងផ្ទះ

កណ្ដាល៖ឧបទ្ទវហេតុបាក់ដីច្រាំងទន្លេ ម្តុំមុខផ្សារស្អាងព្រែកតូច បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នងផ្ទះ ជាមួយទ្រព្យសម្បត្តិ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា គ្រោះមហន្តរាយបាក់ដីច្រាំងទន្លេបាសាក់ ត្រង់មុខផ្សារស្អាងព្រែកតូច ក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៤ ខែមេសា។ក្នុងហេតុការណ៍នេះបណ្ដាលឱ្យផ្ទះ ប្រជាពលរដ្ឋចំនួន៣៧ខ្នងផ្ទះរងការខូចខាត ដោយផ្ទះខ្លះបាក់ចូលក្នុងទន្លេជាមួយទ្រព្យសម្បត្តិជាច្រើន។

ខណៈមានគ្រោះធម្មជាតិនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានចេញបញ្ជាភ្លាមៗដល់មន្ត្រីមូលដ្ឋាន និងកងកម្លាំងដើម្បីចេញអន្តាគមន៍ជួយសង្រ្គោះពលរដ្ឋជាបន្ទាន់។ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅឡើយទេ។រីឯកម្លាំងអាជ្ញាធរក៏កំពុងមមាញឹកខិតខំជួយសង្រ្គោះពលរដ្ឋបន្តទៀត។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា កន្លងមកកន្លែងបាក់ស្រុតដីខាងលើនេះជាចំណុចកោងខ្សែទឹក ដែលធ្វើឱ្យទឹកហូរបុកចំជារៀងរាល់ថ្ងៃ។ជាមួយនោះដែរក៏មានស្រឡាងបូមខ្សាច់ធ្វើឱ្យផ្ទះប្រជាពលរដ្ឋ រស់នៅទីនោះប្រឈមនឹងការបាក់ស្រុតដូចនៅពេលនេះជាក់ស្តែងតែម្តង៕ដោយ៖វិចិត្រ