អន្តរជាតិ

ដង្កូវរោមវែងមានពិសដ៏សាហាវកំពុងអុកឡុកចក្រភពអង់គ្លេស

ដោយ៖ សហការី

អាជ្ញាធរព្រៃឈើបានព្រមានអំពីដង្កូវរោមវែងដែលមានសារជាតិពុលដ៏សាហាវ កំពុងអុកឡុកចក្រភពអង់គ្លេសបណ្តាលឲ្យមនុស្ស ២៥៥នាក់ធ្លាក់ខ្លួនឈឺធ្ងន់។

Daily mail កាលពីថ្ងៃទី ២៤ ខែមេសា បានឲ្យដឹងថា កាលពីសប្តាហ៍មុនសត្វដង្កូវរោមវែងបានរាតត្បាតតាមដើមឈើធំៗចំនួន ៣,៥៧៣ ដើម ក្នុងទីតាំងចំនួន ៨០៧ កន្លែង នៃចក្រភពអង់គ្លេស។ បើយោងតាមការជូនដំណឹងតាមទូរស័ព្ទ និងតាមអ៊ីមែលថា មានដើមឈើចំនួន ៥,២៤៤ ដើម កំពុងរងការរាតត្បាតដោយសត្វដង្កូវរោមវែង ជាហេតុបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាជន និងអជ្ញាធរអង់គ្លេស។ គេក៏បានឲ្យដឹងផងដែរថា មានជនជាតិអង់គ្លេសចំនួន ២២៥ នាក់ បានរងផលប៉ះពាល់ផ្នែកសុខភាពធ្ងន់ធ្ងរ ដោយសារការលុកលុយរាតត្បាតរបស់សត្វដង្កូវរោមវែងកាលពីឆ្នាំ២០២២ ដែលជាការកើនឡើងនៃការរីករាលដាលកាលពីឆ្នាំមុន។

នៅពីឆ្នាំ ២០២០ សត្វដង្កូវនេះបានរាតត្បាត រាលដាលកើនឡើងដល់ប្រាំម៉ាយល៍ក្នុងមួយឆ្នាំៗ ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ ២០១១ និង ២០២០។ គេបានប៉ាន់ប្រមាណថា រហូតដល់ ២០៣៥ ពួកវានឹងរាលដាលដល់ទីក្រុង Birmingham នៅភាគខាងជើង និងទីក្រុង Bristol នៅភាគនិរតីរបស់ប្រទេសអង់គ្លេស។ គណៈកម្មការព្រៃឈើប្រាប់ឲ្យដឹងទៀតថា សន្ទុះនៃការរាតត្បាតរបស់សត្វដង្កូវមានល្បឿនលឿនជាងពីរដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចាប់ពីទំហំដី ៣ គីឡូម៉ែត្រក្នុងមួយឆ្នាំ ដោយរាប់តាំងពីឆ្នាំ ២០១១ ដល់ ២០២០ រហូតដល់ទំហំដី ៧.៥ គីឡូម៉ែត្រក្នុងមួយឆ្នាំៗ។

មន្ត្រីជំនាញបញ្ជាក់ទៀតថា បើតាមផែនទីចង្អុលបង្ហាញក្នុងរបាយការណ៍របស់គណៈកម្មការព្រៃឈើ ស្តីអំពីការវាយលុករាតត្បាតរបស់សត្វដង្កូវរោមវែង OPM បានបង្ហាញថា ការរាតត្បា តនឹងរីករាលដាលកាន់តែខ្លាំងបន្ទាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣៥។ សត្វដង្កូវដ៏សាហាវនេះ ភាគច្រើនកើតមាននៅភាគខាងត្បូងនិងខាងកើតនៃប្រទេសអង់គ្លេស គឺជាសត្វដង្កូវដែលកើតចេញពីដង្កូវឌួងរស់នៅក្នុងដើមស្រល់ ដែលគេនាំចូលមកចក្រភពអង់គ្លេសជាលើកដំបូងនៅក្នុងឆ្នាំ២០០៦។

នៅក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ តួលេខសត្វដង្កូវដែលរស់នៅក្នុងដើមស្រល់ មានសារជាតិពុលចំនួន ៦០,០០០ ដង្កូវ ហើយបានលុកលុយរាតត្បាតពាសពេញទីក្រុងឡុងដ៍។ វាមានសំបុក​​ពណ៌​សមាន​ទំហំ​ប៉ុន​​កូន​បាល់ ​ដែលមានកូនដង្កូវញាស់​រាប់រយ​ក្បាល វា​មាន​ប្រវែង​ប្រហែល​ពីរ​អ៊ីញ កូនដង្កូវ​ចាប់ផ្តើមញាស់​ពី​ចុងខែ​មីនា ដល់​ពាក់កណ្តាល​ខែកក្កដា។ បន្ទាប់​ពី​ចេញរកស៊ីស្លឹកស្រល់ជាចំណី សត្វ​ដង្កូវរោមវែង​វិល​ចូល​សំបុក​វិញ​នៅ​ចុង​ខែ​កក្កដាដែលជា​កន្លែង​វាប្រែក្លាយខ្លួនទៅជាដង្កូវដួង។

អ្នកជំនាញបញ្ជាក់ថា​ សារជាតិពុលនៅលើដង្កូវនេះបណ្តាលឲ្យមានកន្ទួលរមាស់ នៅលើស្បែកយ៉ាងធ្ងន់ធ្ងរ ហើយអាចបង្កទៅជាជំងឺហឺត ឬក៏ធ្វើឲ្យមានការរលាកភ្នែក រលាកបំពង់ក ក្អួត វិលមុខ និងក្តៅខ្លួនជាដើម៕