សន្ដិសុខសង្គម

ឃុំខ្លួនប្រធានក្រុមហ៊ុនសង្ស័យចេញសែកស្អុយ១លាន២សែនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា បានឃុំខ្លួនប្រធាននិងដោះលែងអគ្គនាយករងក្រុមហ៊ុនម្នាក់ ពាក់ព័ន្ធការរកស៊ីទិញលក់ដីនិងចេញសែកស្អុយ១លាន២សែនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ឆែម តារា អាយុ៤៥ឆ្នាំ ជាប្រធានក្រុមហ៊ុន”មាតុភូមិអចលនទ្រព្យ” នៅបុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវតុលាការដាក់ពន្ធនាគារពីបទចេញសែកស្អុយ។ចំណែកឈ្មោះ ឈិត ចំរើន អាយុ២៩ ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន នៅខេត្តកំពង់ស្ពឺ ឱ្យត្រឡប់ទៅផ្ទះវិញ។

កាលរសៀលថ្ងៃទី២១ ខែមេសា អាវុធហត្ថភ្នំពេញបានបញ្ជូនជនសង្ស័យ២នាក់ ម្នាក់ជាប្រធាននិងម្នាក់ជាអគ្គនាយករងក្រុមហ៊ុន”មាតុភូមិអចលនទ្រព្យ”ទៅតុលាការ ពាក់ព័ន្ធរកស៊ីទិញលក់ដីចូលហ៊ុនគ្នា ចុងក្រោយក្រុមហ៊ុនក្ស័យធនទើបកើតមានការប្តឹងផ្តល់។

គួររំលឹកថា កាលពីអំឡុងថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់និងមន្ត្រីយោធាម្នាក់ចូលហ៊ុននិងសហការគ្នាទិញដីជាង៣២ម៉ឺនម៉ែត្រការ៉េ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីអភិវឌ្ឍន៍សង់ផ្ទះល្វែងលក់។ ក្រោយមកយោធារូបនោះក៏បានផ្ទេរភាគហ៊ុនដែលខ្លួនមាន៥០ភាគរយឱ្យប្រធាននិងអគ្គនាយករងក្រុមហ៊ុនគ្រប់គ្រងទាំងមូល ដោយគ្រាន់តែតម្រូវឱ្យជនសង្ស័យទាំង២ នាក់ប្រគល់ប្រាក់១លាន២សែនដុល្លារដើម្បីខ្លួនដើរចេញពីភាគហ៊ុន។

ខាងក្រុមហ៊ុនបានប្រគល់ប្រាក់ទៅយោធានោះប្រមាណ៩៤.០០០ដុល្លារ។ចំណែកប្រាក់នៅសល់ពួកគេចេញសែក៧សន្លឹកក្នុងសែក១សន្លឹកមានទឹកប្រាក់១៥.០០០ដុល្លារសម្រាប់យកទៅបើកនៅធនាគារ។ប៉ុន្តែមន្ត្រីយោធាបានយកមូលប្បទានបត្រទាំងអស់ទៅដកប្រាក់ខាងធនាគារឆ្លើយថា ជាសែកស្អុយ ទើបប្តឹងសមត្ថកិច្ចសុំឱ្យចាត់ការតាមច្បាប់តែម្តង៕ដោយ៖វិចិត្រ