សន្ដិសុខសង្គម

ខ្យល់កន្ត្រាក់បោកបក់ខ្លាំងបំផ្លាញផ្ទះពលរដ្ឋប្រមាណ១៦៧ខ្នងផ្ទះ

បាត់ដំបង៖ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងជាលើកទី២ ត្រឹមរយ:ពេល២ខែបានបំផ្លាញផ្ទះ​ប្រជាពលរដ្ឋប្រមាណ១៦៧ខ្នងផ្ទះក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

អភិបាលស្រុកសំឡូត លោក សើ សាម៉េត បានបញ្ជាក់ឱ្យដឹងថា ខ្យល់កន្ត្រាក់ដែលបោកបក់ខ្លាំងមកលើមូលដ្ឋានស្រុកសំឡូត បង្កការប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន៥ សរុបចំនួន៦៧ខ្នងកាលពីល្ងាចថ្ងៃទី២៣ ខែមេសា។

មន្ត្រីដដែលបានបន្ថែមថា ការប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើនេះបានបំផ្លាញខ្នងផ្ទះរបស់ប្រជាពលរដ្ឋធ្ងន់និងស្រាល ដោយខ្នងផ្ទះខ្លះប៉ះពាល់ដួលរលំទាំងស្រុង និងប៉ើងរបើកដំបួលស័ង្កសី នៅចុងខែមេសានេះ គ្រាដែលខែមីនាកន្លងមកខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១០០ខ្នងផ្ទះ។

បច្ចុប្បន្នមន្ត្រីសាលាស្រុកសំឡូតកំពុងដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពកំពុងចុះជួយសង្គ្រោះបឋមដូចជាផ្តល់នូវស័ង្កសី និងជួយជួសជុលខ្នងផ្ទះពលរដ្ឋដែលខូចខាតពីខ្យល់កន្ត្រាក់នេះ៕ដោយ: ព្រះអង្គខ្មៅ