អន្តរជាតិ

ក្រុមហ៊ុនឯកជនជប៉ុន ispace រៀបចំចុះចតយានអវកាសនៅលើឋានព្រះចន្ទនៅព្រឹកថ្ងៃពុធ

ក្រុមហ៊ុនជប៉ុន ispace inc) កំពុងរៀបចំចុះចតយានអវកាស Hakuto-R Mission 1 (M1) របស់ខ្លួននៅលើដីឋានព្រះចន្ទនៅព្រឹកថ្ងៃពុធទី ២៦ ខែមេសាស្អែកនេះ ខណៈក្លាយជាការចុះចតឯកជនដំបូងបង្អស់ក្នុងពិភពលោក។

យោងតាមសារព័ត៌មានរ៉យទ័រ យាន M1 Lander របស់ជប៉ុនគ្រោងនឹងចុះចតនៅម៉ោង ១ និង៤០ នាទីព្រឹកម៉ោងនៅប្រទេសជប៉ុនថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីហោះចេញពីកន្លែងបាញ់ Cape Canaveral រដ្ឋ Florida សហរដ្ឋអាម៉េរិកដោយរ៉ុក្កែត SpaceX កាលពីខែធ្នូ។ ជោគជ័យនេះនឹងបង្ហាញពីការស្តារមុខមាត់ថ្មី ក្រោយជប៉ុនបានជួបប្រទះបញ្ហាក្នុងវិស័យបច្ចេកវិទ្យាអវកាស ដែលមានមហិច្ឆតាធំក្នុងការកសាងឧស្សាហកម្មក្នុងស្រុក រួមទាំងគោលដៅបញ្ជូនអវកាសយានិកជប៉ុនទៅកាន់ឋានព្រះចន្ទនៅចុងទសវត្សចុងក្រោយនេះ។ ប្រធានផ្នែកបច្ចេកវិទ្យា លោក Ryo Ujiie បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា យានកម្ពស់ ២.៣ ម៉ែត្រ M1 នឹងចាប់ផ្តើមដំណាក់កាលចុះចតរយៈពេលមួយម៉ោង ចេញពីទីតាំងបច្ចុប្បន្នរបស់វា នៅក្នុងគន្លងភពព្រះចន្ទប្រហែល ១០០ គីឡូម៉ែត្រ ក្នុងល្បឿនជិត ៦០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរដឹងថា ក្នុងលោកយើងនេះ មានតែសហរដ្ឋអាម៉េរិក អតីតសហភាពសូវៀត និងចិនប៉ុណ្ណោះ ដែលបានចុះចតយានអវកាសជោគជ័យលើឋានព្រះចន្ទ ខណៈប្រទេសឥណ្ឌា និងក្រុមហ៊ុនឯកជនរបស់អ៊ីស្រាអែល បានបញ្ចប់ដោយការបរាជ័យ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា