សន្ដិសុខសង្គម

កំពុងតាមចាប់ខ្មា​ន់កាំ​​ភ្លើ​ង​បា​ញ់ស្ត្រី​​​ម្នាក់បណ្តាលឱ្យរងរបួសធ្ងន់

មណ្ឌលគិរី៖សមត្ថកិច្ចកំពុងតាមចាប់ខ្មាន់កាំភ្លើងដែលប្រើអាវុធខ្លីបាញ់ប្រហារលើស្ត្រីម្នាក់ចំដើមទ្រូងខាងស្តាំបណ្តាលឱ្យរងរបួសធ្ងន់។

សមត្ថកិច្ចបានឱ្យ​ដឹង​ថា ជនមិនស្គាល់មុខបានប្រើកាំភ្លើងខ្លីលួចបាញ់ស្ត្រីជាអ្នកធ្វើសាឡនម្នាក់បណ្តាលឱ្យ​ចំដើមទ្រូងខាងស្តាំរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ ។ហេតុការណ៍នោះបានកើតឡើងនៅម្តុំចម្ការស្រល់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពី​យប់​​ទី​២៤ មេ​សា។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ច​ន សុវណ្ណ​ណេ​ត ហៅ​ហ្សា អាយុ​២៥​ឆ្នាំ មុខរបរ​អ៊ុតសក់ នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​ស្ទឹង​សែន ខេត្តមណ្ឌលគិរី។ក្រោយ​ពី​មានអំពើបាញ់ប្រហារកម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យជាមួយ​​នគរបាល​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់។

ជន​រង​គ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​១​គ្រាប់​ដោយ​អាវុធ​ខ្លីចំ​ដើមទ្រូង​ខាងស្ដាំ ក្បាល​គ្រាប់​​បៀម​នៅ​ក្រោម​ស្លាបប្រចៀវ និង​​ប​ញ្ឆិត​ដើមដៃ ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​មន្ទីរពេទ្យខេត្តមណ្ឌលគិរីសង្គ្រោះបន្ទាន់​។

ជុំវិញករណី​ខាងលើនេះ​សមត្ថកិច្ចមិនទាន់មានតម្រុយនៅឡើយ ព្រោះស្ត្រីរងរបួសធ្ងន់គ្រូពេទ្យកំពុងជួយសង្គ្រោះ។ប៉ុន្តែផ្នែក​ជំនាញ​កំពុង​បន្ត​ការ​ស្រាវជ្រាវ តាម​រក​ចាប់ខ្លួន​ជនសង្ស័យយកមកចាត់ការ​តាម​ច្បាប់៕ដោយ៖វិចិត្រ