អន្តរជាតិ

អង្គភាពបេឡារុសបានបញ្ចប់ការហ្វឹកហ្វឺនលើប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររុស្ស៊ី

អង្គភាពបេឡារុស នៅទីបំផុតបានបញ្ចប់ការហ្វឹកហ្វឺនលើប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្រ្តរុស្ស៊ីបានសម្រេចហើយ ដោយរង់ចាំតែឃ្លាំងស្តុកដាក់ក្បាលគ្រាប់សាងសង់ឲ្យរួចរាល់ប៉ុណ្ណោះ។

ក្រសួងការពារជាតិបេឡារុស បាននិយាយថា អង្គភាពមកពីប្រទេសបេឡារុស បានវិលត្រឡប់មកមាតុប្រទេសវិញ​កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ បន្ទាប់ពីបានហ្វឹកហាត់ពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander រុស្ស៊ី ដើម្បីបាញ់បង្ហោះអាវុធនុយក្លេអ៊ែរ។ ក្រសួងបានធ្វើសេចក្តីប្រកាសបែបនេះ បន្ទាប់ពី ៤ សប្តាហ៍ក្រោយពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដែលនៅជិតខាង ដោយបានផ្ញើការព្រមានទៅអង្គការណាតូជុំវិញការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន។

ទោះជាយ៉ាងណាក្តី រុស្ស៊ីមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ​ទៅកាន់ប្រទេសបេឡារុសទេ ប៉ុន្តែលោក ពូទីន បាននិយាយថា ការសាងសង់កន្លែងស្តុកទុកគួរតែ​បញ្ចប់នៅដើមខែកក្កដាខាងមុខ។ វានឹងក្លាយជាការដាក់ពង្រាយជាលើកដំបូងនៃផ្នែកឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅខាងក្រៅព្រំដែនរបស់ខ្លួនចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា