សន្ដិសុខសង្គម

លោកឧកញ៉ាជា សារ៉ននិងមនុស្ស៨នាក់កំពុងឃាត់ខ្លួននៅនគរបាលខេត្តកំពត

ដោយ៖ កំចាយ

កំពត៖ លោកឧកញ៉ាជា សារ៉ន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍និងបក្ខពួក៨នាក់ គឺកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការទៅតាមច្បាប់ ពាក់ព័ន្ធសំណុំរឿងឆបោកក្នុងជំនួញអចលនទ្រព្យ។

នៅក្នុងសំណុំដ៏ធំមួយនេះគឺមានប្រជាពលរដ្ឋដែលអះអាងថា ខ្លួនចាញ់បោករាប់ពាន់គ្រួសារនិងមានជាប់ពាក់ព័ន្ធនឹងទឹកប្រាក់សរុបប្រមាណជិតទៅដល់៤០លានដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCambodia Flash Newsថា ផ្អែកតាមបណ្តឹងរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បាននាំខ្លួន លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងបក្ខពួក៨នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ថា ការនាំខ្លួនអ្នកជំនួញអចលនទ្រព្យ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ គឺដើម្បីយកមកសាកសួរដែលពាក់ព័ន្ធនឹងបណ្តឹងឆបោក ដោយលួងលោមប្រជាពលរដ្ឋឱ្យខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកដាក់រកស៊ីក្នុងមុខរបរជំនួញអចលនទ្រព្យរបស់ខ្លួន។ សំណុំរឿងនេះសមត្ថកិច្ចគឺកំពុងតែបន្តចាត់ការទៅតាមនីតិវិធីនៅឡើយ។

អ្នកយកព័ត៌មានCambodia Flash News ប្រចាំខេត្តកំពត បានរាយការណ៏ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ឧកញ៉ាជា សារ៉ននិងមនុស្ស៨នាក់ទៀតគឺកំពុងតែស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពតនៅឡើយ។

ជាមួយនោះនៅក្រៅរបងស្នងការដ្ឋាននគរបាលខេត្តកំពតវិញ មានប្រជាពលរដ្ឋដែលបានអះអាងអំពីការចាញ់បោកក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន បាននាំគ្នាមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់បន្ថែមទៀតនៅស្នងការដ្ឋាននគរបាលខេត្តកំពត។

នៅមុននេះគេបានឃើញផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានផ្សព្វផ្សាយរូបថតមនុស្សទាំង៩រូបមានវាស់កម្ពស់ ជាមួយសំណេរមានខ្លឹមសារថា៖ “ ប្រជាពលរដ្ឋចំនួន២.៤៦១គ្រួសារបានចាញ់បោកក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន អស់ទឹកប្រាក់ប្រមាណជិត៤០លានដុល្លារ ”។ សារក្នុងផេកផ្លូវការដដែលក៏បានបញ្ជាក់ដែរថា“ សូមបងប្អូនស្ងប់ចិត្ត និងកុំបារម្ភ! សូមជឿទុកចិត្តលើឯកឧត្តមអភិបាលខេត្តកំពត រួមទាំងស្ថាប័នច្បាប់ដែលមានឯកឧត្តមព្រះរាជអាជ្ញា និងឯកឧត្តមប្រធានសាលាដំបូងខេត្តរកយុត្តិធម៌ជូនបងប្អូនចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ”។

សូមបញ្ចាក់ថា មុនពេលនាំខ្លួនលោកនាយកក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន និងសហការីទាំង៨រូប នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកអភិបាលខេត្តកំពតបានចុះសម្រុះសម្រួលតាមបណ្តឹងរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅបរិវេណវត្តអង្គឈូក ស្ថិតក្នុងទឹកដីឃុំឈូក ស្រុកឈូក។ពលរដ្ឋបានចោទប្រកាន់លោកឧកញ៉ា ជា សារ៉ន មិនគោរពកិច្ចសន្យា។ ក្រុមហ៊ុនបានបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យចូលលុយរកស៊ីដោយខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយក្រុមហ៊ុនឱ្យប្រាក់ចំណេញ និងបង់ជំនួសប្រចាំខែទាំងស្រុង។ ប៉ុន្តែប៉ុន្មានខែចុងក្រោយ ដោយសារក្រុមហ៊ុនមិនបានបង់ទើបបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមទារបំណុលពួកគាត់យ៉ាងតឹងរ៉ឹងបំផុតរួចក៏ផ្ទុះរឿងនេះឡើង។

លោកអភិបាលខេត្តកំពតបានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចយល់ព្រមសងរាល់បំណុលដែលប្រជាពលរដ្ឋបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់។ ប័ណ្ណសម្គាល់អចលនវត្ថុដែលប្រជាពលរដ្ឋបានដាក់បញ្ចាំ ក្រុមហ៊ុននឹងយកទ្រព្យសម្បត្តិរបស់ខ្លួនទៅតម្កល់ រួចយកប័ណ្ណសម្គាល់អចលនវត្ថុទាំងនោះមកប្រគល់ជូនពុកម៉ែវិញ។ ចំណែកដីឡូតិ៍ដែលប្រជាពលរដ្ឋបង់លុយគ្រប់ចំនួនហើយនៅមិនទាន់ទទួលបានប្លង់ រដ្ឋបាលខេត្តនឹងបញ្ជូនមន្ត្រីជំនាញចុះធ្វើជូន។

លោក ឧញ៉ាជា សារ៉ន ត្រូវបានគេទទួលស្គាល់ថា ជាអ្នកជោគជ័យម្នាក់ក្នុងមុខរបរជំនួញលើវិស័យអចលនទ្រព្យនៅកម្ពុជា។ គាត់គឺជាអ្នកជំនួញដ៏ពួកែនិងមានថ្វីមាត់ម្នាក់។ លោកមានទេពកោសល្យក្នុងការនិយាយបញ្ចុះបញ្ចូលកៀរគរឲ្យប្រជាពលរដ្ឋជឿទុកចិត្តហើយចូលរួមនឹងមុខរបររកស៊ីរបស់ក្រុមហ៊ុនគាត់។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយចុះCambodia Flash News គឺនៅមិនទាន់ទទួលបានឬមានការបញ្ជាក់អះអាងណាមួយជុំវិញរឿងនេះពីភាគីលោក ឧកញ៉ាជា សារ៉ននៅឡើយទេ។ជាមួយនោះ ចំពោះសំណុំរឿងដ៏រសើបដែលកំពុងតែផ្ទុះឡើងនេះគេគ៏នៅមិនទាន់ដឹងថា ជាចុងក្រោយស្ថាប័នតុលាការនឹងចាត់វិធានការទៅតាមផ្លូវច្បាប់យ៉ាងណានៅឡើយនោះដែរ៕