អន្តរជាតិ

រុស្ស៊ី​ខឹង​អាម៉េរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកកាសែត​ខ្លួន

រុស្ស៊ីប្តេជ្ញាចាត់ការសងសឹកឲ្យស័ក្តិសមដល់អាម៉េរិក ក្រោយសហរដ្ឋអាម៉េរិកបានបដិសេធមិនបានផ្តល់​ទិដ្ឋាការធ្វើដំណើរដល់អ្នកកាសែតរបស់ខ្លួន។

យោងតាមប្រភព RIA Novosti ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់រុស្ស៊ី ដោយបានដកស្រង់សម្តីលោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី និងប្រភពនៅក្នុងរង្វង់ការទូតរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីនឹងស្វែងរកវិធីឆ្លើយតបបញ្ហានេះ ដើម្បីឲ្យជនជាតិអាម៉េរិកបានរៀនសូត្រម្តងទៀតថា ទង្វើបែបនេះមិនអាចទទួលយកបានទេ។ បញ្ជាក់យ៉ាងខ្លី លោក Lavrov ថា “យើងនឹងមិនភ្លេចទេ យើងនឹងមិនអត់ទោសឱ្យទេ”។ អ្នកការទូតរុស្ស៊ីអនាមិកម្នាក់ទៀតបានប្រាប់ RIA Novosti ថា បន្ទាប់ពីឧប្បត្តិហេតុទិដ្ឋាការនេះ រុស្ស៊ីនឹងប្រព្រឹត្តចំពោះអ្នកកាសែតអាម៉េរិក ដូចអាម៉េរិកបានប្រព្រឹត្តចំពោះអ្នកកាសែតរុស្ស៊ីដែរ។ គាត់បាននិយាយថា អ្នកកាសែតអាម៉េរិកនឹងជួបប្រទះនូវភាពមិនស្រួល និងភាពរអាក់រអួលពេញលេញសម្រាប់ខ្លួនពួកគេ ហើយនឹងត្រូវបាន “ចាត់ទុកជាស្រដៀងគ្នា”។

តាមការកត់សម្គាល់របស់អ្នកការទូតរុស្ស៊ី ជនជាតិអាម៉េរិកបានប្រើល្បិចមួយផ្សេងទៀតដែលមិនអាចទទួលយក​បានក្នុងអំឡុងពេលនៃការរៀបចំសម្រាប់ការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov នៅក្នុងព្រឹត្តិការណ៍ចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ី ដែលកំពុងឈានចូលមកដល់។ ក្រុមអ្នកកាសែតរុស្ស៊ីដែលត្រូវចាត់តាំងអមដំណើរជាមួយលោក Lavrov ក្នុង​ការ​ធ្វើ​ដំណើរ​នេះ ​ត្រូវ​បាន​គេ​បដិសេធមិនព្រមផ្តល់ទិដ្ឋាការ​ឲ្យឡើយនាពេលចុងក្រោយនេះ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា