សន្ដិសុខសង្គម

រថយន្តដឹកឈើចេញពីខេត្តស្ទឹងត្រែងក្រឡាប់នៅខេត្តក្រចេះ

ក្រចេះ៖ រថយន្តម៉ាកសាំយ៉ុងបានក្រឡាប់ធ្លាក់ពីលើផ្លូវជាតិចុះចំណោតជាច្រើនត្រឡប់ចេញសុទ្ធតែឈើក្តារ រីឯរថយន្តរងការខូចខាតខ្ទេចខ្ទី។ហេតុការណ៍នោះបានកើតឡើងនៅភូមិល្អ ក្បែរនឹងជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមេសា។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុរថយន្តសាំយ៉ុងផ្លាកលេខភ្នំពេញ 2U 59.43 បានក្រឡាប់ផ្ងារកង់ឡើងលើចេញសុទ្ធតែឈើប្រភេទក្តារលេខ២។តាមការសន្និដ្ឋានរថយន្តនោះទំនងជាបើកបរក្នុងល្បឿនលឿនមកពីខាងខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ៧ឆ្លងកាត់ខេត្តក្រចេះ។លុះមកដល់កន្លែងខាងលើស្រាប់តែក្រឡាប់ខ្លួនឯងតែម្តង។

លុះព្រឹកឡើងកម្លាំងនគរបាលចរាចរណ៍ បានយករថយន្តស្ទូចទៅស្ទូចយកឈើនិងរថយន្តនោះ​ទៅទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ដោយឡែកអ្នកបើកបរក្នុងរថយន្តក្រោយកើតហេតុភ្លាមបានគេចខ្លួនបាត់៕ដោយ៖សុខុម