សន្ដិសុខសង្គម

ម៉ូតូ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ ម៉ូតូ១គ្រឿងបើកឆ្លងផ្លូវ មួយគ្រឿងទៀតបើកក្នុងល្បឿនលឿន ក៏បុកគ្នាពេញទំហឹងបណ្តាលឱ្យម្នាក់ស្លាប់ភ្លាម និងម្ខាងទៀតរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីព្រលប់ថ្ងៃទី២៣ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា​ បុរសដែលស្លាប់ឈ្មោះ សុខ គង់អាយុ៧២ឆ្នាំ នៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ជនរងគ្រោះជិះម៉ូតូម៉ាកធូដេផ្លាកលេខ ភ្នំពេញ 1GN-1461។

ចំណែកភាគីម្ខាងទៀតឈ្មោះ អឿន ធារ៉ា អាយុ២១ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ សៅលែន នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើត នៅខេត្តតាកែវ។រូបគេជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខតាកែវ 1Z-1161។ជនរងគ្រោះម្នាក់របួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ភ្នំពេញ យកទៅទុករង់ចាំដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ