សន្ដិសុខសង្គម

មុនធ្វើអត្តឃាតសរសេរសំបុត្រផ្តាំផ្ញើនិងថតវីដេអូសុំទោសដល់គ្រួសារ

ប៉ៃលិន៖បុរសម្នាក់មុនធ្វើអត្តឃាតបានសរសេរសំបុត្រផ្តាំផ្ញើ និងថតឃ្លីបវីដេអូសុំទោសដល់ឪពុកម្តាយនិងក្រុមគ្រួសារ។ករណីធ្វើអត្តឃាតនេះបង្កការភ្ញាក់ផ្អើលឡើងនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២៣ ខែមេសា។អត្តឃាតជនឈ្មោះសុខ ម៉េង អាយុ២៣ឆ្នាំ នៅក្នុងបន្ទុកជាមួយឪពុកម្តាយក្នុងភូមិ ឃុំខាងលើ។

តាមការបំភ្លឺពីអាណាព្យាបាលបានបញ្ជាក់ថា កូនរបស់គាត់មានជំងឺក្រួសក្នុងតម្រងនោមធ្ងន់ធ្ងរ ព្យាបាលអស់លទ្ធភាព តែមិនជាសះស្បើយសោះ។ដោយសារឈឺចុកចាប់ខ្លាំងបែបនេះ ទើបកូនរបស់គាត់សម្រេចចិត្តបញ្ចប់ជីវិតដោយយកខ្សែភ្លើងដែលមានភ្លើងរុំទៅនឹងមេដៃ មេជើងឆក់ស្លាប់តែម្តង។

មុននឹងស្លាប់អត្តឃាតជនបានសរសេរសំបុត្រផ្តាំផ្ញើថតឃ្លីបវីដេអូសុំទោសឪពុកម្តាយ និងក្រុមគ្រួសារសាច់ញាតិទៀតផង។ក្រោយពីគ្រូពេទ្យនិងមន្ត្រីនគរបាលជំនាញបានចុះពិនិត្យហើយបានបញ្ជាក់ថា អត្តឃាតជនស្លាប់ដោយសារប្រើខ្សែភ្លើងឆក់ខ្លួនឯងពិតប្រាកដមែន៕ដោយ: ព្រះអង្គខ្មៅ