អន្តរជាតិ

ប្រទេសស្វីសបិទស្ថានទូតនៅស៊ូដង់ ខណៈការប្រយុទ្ធគ្នាមិនបានថយចុះ

ក្រសួងការបរទេសស្វីសបាននិយាយនៅលើបណ្តាញសារTwitter នៅថ្ងៃទី២៤ ខែមេសានេះថា ប្រទេសស្វីសបានបិទស្ថានទូតរបស់ខ្លួននៅទីក្រុង Khartoum ហើយបានជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេចេញទាំងអស់ជុំវិញស្ថានភាពសន្តិសុខនៅក្នុងប្រទេសស៊ូដង់។

រដ្ឋមន្ត្រីការបរទេស Ignazio Cassis បានសរសេរនៅលើ Twitter កាលពីល្ងាចថ្ងៃអាទិត្យថា “បុគ្គលិករបស់យើង និងក្រុមគ្រួសាររបស់ពួកគេត្រូវបានជម្លៀសចេញ ហើយមានសុវត្ថិភាព”។ ក្រសួងការបរទេសបាននិយាយថា បុគ្គលិកស្ថានទូត៧នាក់ និងមនុស្ស៥នាក់ដែលអមដំណើរត្រូវបានជម្លៀសចេញ។ ពួកគេ​មាន​សុខភាព​ល្អ ដោយ​មនុស្ស​ពីរ​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អេត្យូពី​ជិតខាង ហើយ​អ្នក​នៅ​សល់​បាន​ជម្លៀស​ទៅ​ប្រទេស​ជីប៊ូទី ដោយ​មាន​ជំនួយ​ពី​ប្រទេស​បារាំងជាបណ្តោះអាសន្ន។ Cassis បាន​និយាយ​ថា​៖ «​ប្រតិបត្តិការនេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​ការ​សហការ​ជាមួយ​ដៃគូ​របស់​យើង ជា​ពិសេស​ប្រទេស​បារាំង​»។

“ការងារកំពុងបន្តជួយជនជាតិស្វីសដែលជាប់គាំងនៅស៊ូដង់”។ ក្រសួងការបរទេសស្វីសកាលពីថ្ងៃសុក្រថា មានជនជាតិស្វីសប្រហែល ១០០ នាក់បានចុះឈ្មោះសុំការអន្តរាគមន៍នៅក្នុងប្រទេសស៊ូដង់ ខណៈដែលអ្នកផ្សេងទៀតត្រូវបានគេគិតថាកំពុងមកលេងតំបន់សមុទ្រក្រហមក្នុងនាមជាអ្នកទេសចរ។

ការផ្ទុះនៃការប្រយុទ្ធគ្នាជាងមួយសប្តាហ៍មុនរវាងក្រុមយោធាដែលជាគូប្រជែងបានបង្កឱ្យមានវិបត្តិមនុស្សធម៌ សម្លាប់មនុស្ស ៤២០ នាក់ និងជាប់គាំងជនជាតិស៊ូដង់រាប់លាននាក់ដោយមិនមានលទ្ធភាពទទួលបានសេវាមូលដ្ឋាន។ ទោះបីជាមានការអំពាវនាវបទឈប់បាញ់ដោយភ្នាក់ងារអន្តរជាតិធ្វើឡើងក៏ដោយ ក៏ភាគីជម្លោះនៅតែបន្ត ការបាញ់ផ្លោងដាក់គ្នា៕

ប្រភព៖ REUTERS

ប្រែសម្រួល៖សុខ តុលា