សន្ដិសុខសង្គម

ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងឡើងវិញពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ឧកញ៉ាជា សារ៉ន

ដោយ៖ កំចាយ

កំពត៖ ពេញមួយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋមកពី៩ក្រុង-ស្រុកទូទាំងខេត្តកំពតរាប់ពាន់នាក់ដែលអះអាងថា ចាញ់ល្បិចនៃការបោកបញ្ឆោតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជាសារ៉នបាននាំគ្នាមកដាក់ពាក្យបណ្ដឹងឡើងវិញនៅស្នងការដ្ឋាននគរបាលខេត្តកំពតដើម្បីសមត្ថកិច្ចមានមូលដ្ឋានអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង៩ដែលអះអាងអំពីការចាញ់ល្បិចលួងលោមបានមកដាក់ពាក្យបណ្តឹងឡើងវិញដោយចោទប្រកាន់លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ពីបទឆបោក។ ក្នុងចំណោមនោះ ពលរដ្ឋខ្លះបានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកខ្លះយកលុយផ្ទាល់ខ្លួនវិនិយោគជាមួយក្រុមហ៊ុនដែលមានទឹកប្រាក់សរុបប្រមាណជិត៤០លានដុល្លា។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ដើមបណ្តឹមមួយចំនួនជាអ្នកទិញ និងបង់រំលោះដីរួចរាល់ហើយនៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ។ ម្ល៉ោះហើយ ការទទួលពាក្យបណ្តឹងទាំងនេះជាមូលដ្ឋានដើម្បីបានដឹងថាពលរដ្ឋរងគ្រោះពិតប្រាកដមានប៉ុន្មាន? អ្នកខ្ចីលុយមីក្រូហិរញវត្ថុ អ្នកប្រើប្រាស់លុយផ្ទាល់ខ្លួន និងអ្នកទិញដីប៉ុន្មាននាក់? ដើម្បីសមត្ថកិច្ចមានមូលដ្ឋានបន្តធ្វើការងារជាមួយក្រុមហ៊ុនជុំវិញការទទួលខុសត្រូវចំពោះបំណុលប្រជាពលរដ្ឋ។

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បុរសម្នាក់មកពីស្រុកបន្ទាយមាសបានរៀបរាប់ថា គាត់បានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន នូវទឹកប្រាក់ជិត១ម៉ឺនដុល្លារ។ មុននេះ គាត់បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសម្តងហើយ។ ប៉ុន្តែ ក្រោយពីឯកឧត្តមអភិបាលខេត្តសម្រុះសម្រួលដោះស្រាយរួចរាល់ គេក៏តម្រូវឱ្យមកដាក់ពាក្យនៅទីនេះម្ដងទៀត។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញចុះសម្រុះសម្រួលករណីខាងលើនៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក។ លទ្ធផលនាពេលនោះគឺក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូ ជា សារ៉ន បានទទួលយកចំណុចសំខាន់ៗពីឯកឧត្តមអភិបាលខេត្ត រួមមាន ចេញសងរាល់បំណុលដែលប្រជាពលរដ្ឋបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប័ណ្ណសម្គាល់អចលនវត្ថុដែលប្រជាពលរដ្ឋបានដាក់បញ្ចាំ ក្រុមហ៊ុនត្រូវយកទ្រព្យរបស់ខ្លួនទៅតម្កល់ រួចយកប័ណ្ណទាំងនោះមកប្រគល់ជូនពួកគាត់វិញ។ ចំពោះដីឡូតិ៍ដែលប្រជាពលរដ្ឋបង់លុយគ្រប់ចំនួនហើយតែមិនទាន់ទទួលបានប្លង់ រដ្ឋបាលខេត្តនឹងឱ្យមន្ត្រីជំនាញចុះរៀបចំធ្វើជូន។

សូមបញ្ជាក់ថាគិតមកដល់ល្ងាចថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ជា សារ៉ន និងមនុស្ស៨នាក់ផ្សេងទៀត ដែលសមត្ថកិច្ចបាននាំខ្លួនយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពតតាំងពីរសៀលថ្ងៃទី២២ មេសា នោះ គឺមិនទាន់បានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនៅឡើយទេ៕