សន្ដិសុខសង្គម

បុរសម្នាក់ទំនងមានវិបត្តិគ្រួសាររត់ចូលរថយន្តក្រឡុកស៊ីម៉ងត៍កិនស្លាប់ភ្លាមៗ

បន្ទាយមានជ័យ៖បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ សម្រេចចិត្តរត់ចូលរថយន្តក្រឡុកស៊ីម៉ងត៍បណ្តាលឱ្យ​កិនស្លាប់ភ្លាមៗ។ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅមុខផ្សារ ក៥ ឋិតក្នុងភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កាលពីថ្ងៃទី២៣ខែមេសា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ អត្តឃាតជនឈ្មោះ ឡៃ អស្នា អាយុ២៨ឆ្នាំ នៅភូមិទួលប្រាសាទ ក្រុងប៉ោយប៉ែត  បានជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខសៀមរាប 1AD-4621 មកឈប់ចតក្បែរផ្លូវ។ក្រោយមកក៏រត់ឆ្លងផ្លូវស្របរថយន្តក្រឡុកស៊ីម៉ងត៍ផ្លាកលេខភ្នំពេញ5A-3148 មកដល់ក៏បុករួចកិនស្លាប់តែម្តង។ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់។

ប្រពន្ធអ្នកស្លាប់បានឱ្យដឹងថា ប្តីរបស់គាត់បានសុំលុយ២០.០០០រៀលដើម្បីទិញថ្នាំលេបសម្លាប់ខ្លួនតែនាងមិនឱ្យ។ពេលនោះប្តីទាញម៉ូតូជិះចេញដោយមិនដឹងជាទៅណា។ក្រោយមកក៏មានដំណឹងថាប្ដីត្រូវរថយន្តកិនស្លាប់បាត់ទៅហើយ។

បន្ទាប់ពីមានរថយន្តកិនមនុស្សស្លាប់ មន្ត្រីនគរបាលចរាចរណ៍ចុះពិនិត្យរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំតំណាងសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ