អន្តរជាតិ

បុរសជនជាតិអ៊ីរ៉ង់ម្នាក់មានបាតដៃតូចជាងគេជាប់កំណត់ត្រាពិភពលោក

ដោយ៖ សហការី

នៅទីបំផុតបុរសដែលមានរាងតូចជាងគេក្នុងពិភពលោក ត្រូវបានគេបញ្ជាក់ថា គាត់ក៏បានបំបែកកំណត់ត្រាជាបុរសមានប្រអប់ដៃតូចជាងគេក្នុងពិភពលោកផងដែរ។

យោងតាម Guinness World Record កំណត់ត្រានេះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដោយគេបានវាស់ចាប់ពីចុងម្រាមដៃកណ្តាលទៅកាន់ផ្នត់នៅក្រោមបាតដៃ កដៃ របស់ Afshin ជនជាតិអ៊ីរ៉ង់ ដែលរស់នៅតំបន់ Bukan County ខេត្ត Azerbaijan ខាងលិចប្រទេសអ៊ីរ៉ង់។ ដៃឆ្វេងរបស់ Afshin ត្រូវបានគេផ្ទៀងផ្ទាត់ថា មានទំហំ ៦.៧ សង់ទីម៉ែត្រ និងដៃស្តាំរបស់គាត់ ៦.៤សង់ទីម៉ែត្រ ខណៈខ្លីជាងប្រអបដៃមនុស្សប្រុសពេញវ័យរហូតដល់ទៅ ៣ដងឯណោះ។

បន្ទាប់ពីទទួលបានកំណត់ត្រានេះ Afshin និងក្រុមគ្រួសាររបស់គាត់បាននិយាយលេងសើចថា ដៃរបស់គាត់គឺតូចជាងគេបំផុតក្នុងពិភពលោក ប៉ុន្តែប្រសិនបើច្រមុះរបស់គាត់ត្រូវបានគេវាស់ទៀត នោះវានឹងមិនជាប់កំណត់ត្រាពិភពលោកនោះទេ។

គួរបញ្ជាក់ថា ក្រៅតែពីមានប្រអប់ដៃខ្លី Afshin ក៏ជាបុរសដែលមានកម្ពស់ទាបបំផុតទី ៤ ធ្លាប់បានទទួលស្គាល់ដោយ Guinness World Records ផងដែរ។ គាត់មានកម្ពស់ត្រឹមតែ ៦៥.២៤ សង់ទីម៉ែត្រប៉ុណ្ណោះ៕