សន្ដិសុខសង្គម

បញ្ជូន៤នាក់ទៅតុលាការករណីឆក់កាបូបបង្កឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវតាមចាប់ជនសង្ស័យ៤នាក់ និងត្រូវបញ្ជូនទៅតុលាការ ករណីឆក់កាបូបលុយធ្វើឱ្យស្ត្រីម្នាក់ដួលរងរបួសផ្នែកផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។អំពើឆក់នេះបានកើតឡើង​នៅតាមផ្លូវជាតិលេខ៦២ ឋិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែមេសា។

មន្ត្រីនគរបាលខេត្តព្រះវិហារបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ឈ្មោះ ប៊ុនសាទ វិរៈបុត្រ អាយុ១៨ឆ្នាំ-ឈ្មោះ ធឿក តុងហេង អាយុ១៦ឆ្នាំ-ឈ្មោះ ម៉ុល សារ៉ាត់ អាយុ១៦ឆ្នាំនិងឈ្មោះ សាត់ នុរង្គនាថ អាយុ១៨ឆ្នាំ។ពួកគេនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ប្រភពដដែលបានបន្តថា ក្រោយទទួលបណ្តឹងថាមានចោរជិះម៉ូតូឆក់កាបូបលុយបណ្តាលឱ្យជនរងគ្រោះដួល​រងរបួសធ្ងន់លើផ្ទៃមុខភ្លាមៗ កម្លាំងនគរបាលស្រុកបានស្រាវជ្រាវនិងកំណត់បានមុខសញ្ញាជនសង្ស័យរហូតឃាត់ខ្លួន​បាន៤នាក់។នៅថ្ងៃទី២៤ ខែមេសានេះជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានបញ្ជូនទៅតុលាការខេត្ត​ព្រះវិហារដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ