សន្ដិសុខសង្គម

បញ្ជូនប្តី-ប្រពន្ធពីបទឆបោកលុយ១០ម៉ឺនដុល្លាររត់ការចូលក្របខ័ណ្ឌការងារក្រសួង

កំពង់ស្ពឺ៖កម្លាំងអាវុធហត្ថ កាលពីថ្ងៃទី២២ ខែមេសា បានឃាត់ខ្លួនប្តីនិងប្រពន្ធ តាមបណ្តឹងពីបទឆបោកលុយច្រើនម៉ឺនដុល្លារដើម្បីរត់ការចូលក្របខ័ណ្ឌក្រសួង រួចបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ករណីនេះបានប្រព្រឹត្តតាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ សរុបសាច់ប្រាក់ចំនួន១០ម៉ឺនដុល្លារដែលយកពីម្ចាស់លុយដើម្បីរត់ការឱ្យជនរងគ្រោះចូលក្របខ័ណ្ឌក្រសួងដែនដីនគររូបនីយកម្ម។ជនសង្ស័យឈ្មោះនួន ប៉ិន  អាយុ៤៦ឆ្នាំ ជាវិស្វករសំណង់និងប្រពន្ធឈ្មោះផាន់ ផាលីណា អាយុ៣៥ឆ្នាំ ជាអ្នកលក់ដូរ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ទាំង២នាក់ខាងលើត្រូវម្ចាស់លុយឃាត់ខ្លួននៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយយកប្រគល់ឱ្យសមត្ថកិច្ច។ចំណែកជនរងគ្រោះឈ្មោះ ឆន សុធី អាយុ៤៦ឆ្នាំ មុខរបរជាងម៉ូតូនិងប្រពន្ធឈ្មោះ វង្ស សុខនាង អាយុ៣៥ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា។

ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ​ដើម្បីរត់ការឱ្យជនរងគ្រោះចូលបម្រើការងារនៅក្រសួងដែនដីមែនតែមិនបានសម្រេច។បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្តផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ