សន្ដិសុខសង្គម

ឆេះ​បំផ្លាញផ្ទះ១ខ្នង,​ទ្រព្យសម្បត្តិ​អស់​គ្មានសល់និងងាប់ឆ្កែ៣​ក្បាល

​ភ្នំពេញ​៖អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញផ្ទះឈើមួយខ្នង ជាមួយទ្រព្យសម្បត្តិអស់គ្មានសល់ និងងាប់ឆ្កែ៣ក្បាលជាប់ក្នុងផ្ទះនោះ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា។ម្ចាស់ផ្ទះដែលភ្លើងឆេះឈ្មោះឆាង ហេង អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះព្រៃ ចាន់រំដួល អាយុ៤៣ឆ្នាំ ជាបុគ្គលិកធនាគារ។

អ្នក​ឃើញហេតុការណ៍បានឱ្យដឹង​ថា​ ដំបូង​ចរន្តអគ្គិសនីបានឆ្លងចេញពី​ប្រអប់​​នៅ​លើ​ផ្ទះ​ហើយបង្ក​ជា​ផ្កាភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្ដង។​ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោឡោ​ ​អ្នក​ជិតខាង​ចេញមកជួយដែរតែ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ​។

ខណៈមានអាសន្ន ស្ត្រី​​ម្ចាស់ផ្ទះ​​ជញ្ជូន​សម្ភារ​បាន​បន្ត​បន្តួច​​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវភ្លើងឆេះ​អស់ទាំង​ស្រុង​និងមាន​ឆ្កែ​៣​ក្បាល​ផងដែរបាន​ងាប់​នៅ​ក្នុង​ភ្នក់ភ្លើងនោះ។ពេលភ្លើងកំពុងឆេះកម្លាំង​​សមត្ថកិច្ច​បាន​ចេញ​ជួយអន្តរាគមន៍ ដោយចេញ​រថយន្ត​ពន្លត់អគ្គិភ័យចំនួន​៤​គ្រឿង​​ទៅកន្លែងកើតហេតុ ហើយបាញ់​ទឹក​​រហូត​ភ្លើងរលត់​ទៅ​វិញ​ តែមិន​បណ្ដាល​ឱ្យ​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ជិត​ខាងទេ។ចំណែកទំហំនៃការខូចខាតមន្ត្រីមូលដ្ឋានកំពុងសាកសួរ៕ដោយ៖វិចិត្រ