សន្ដិសុខសង្គម

កំពុងស្រាវជ្រាវអគ្គិភ័យឆេះអគារ២៥ជាន់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវករណីអគ្គិភ័យឆេះ អគារ២៥ជាន់នៅខេត្តព្រះសីហនុ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបានកើតឡើងនៅទីតាំងអគារកំពុងសាងសង់មួយ ឈ្មោះ“កំពង់ដឺវ៉ា”កម្ពស់២៥ជាន់ គឺឆេះជាន់ទី៥ តាមវិថីសែនជ័យទៅវត្តអូរត្រេះ ផ្លូវអាឡាំងឌឺឡុងចាស់ ឋិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមេសា។

ពេលមានគ្រោះអគ្គិភ័យ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចេញជួយអន្តរាគមន៍គ្រប់គ្រងបាញ់ទឹកពន្លត់ទីតាំងខាងលើដោយប្រើរយៈពេលជាង៥ម៉ោងទើបគ្រប់គ្រងបានទាំងស្រុង។ក្នុងប្រតិបត្តិការនេះ ជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៣គ្រឿង បាញ់អស់ទឹក៤១ឡាននិងរថយន្តជណ្តើរ១គ្រឿង។

ក្នុងនោះមានការខូចខាតសម្ភារ ឆេះបន្ទប់អគារជាន់ទី៥ទាំងស្រុង។តែមិនមានការឆេះរាលដាលនិង គ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវរកមូលហេតុ៕ដោយ៖វិចិត្រ