អន្តរជាតិ

អាម៉េរិកនឹងចាប់បណ្តុះបណ្តាលទាហានអ៊ុយក្រែនលើរថក្រោះធុនធ្ងន់ Abramនៅខែឧសភា

សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន អំពីរបៀបប្រើរថក្រោះ Abrams នៅខែក្រោយនេះ ដើម្បីអាចបានយកចូលក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីមុនដំណាច់រដូវក្តៅ។

រថក្រោះ M1A1 Abrams របស់អាម៉េរិក នឹងត្រូវបញ្ជូននៅពាក់កណ្តាលខែឧសភាខាងមុខ ទៅកាន់ទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលជនជាតិអ៊ុយក្រែនប្រហែល ២៥០នាក់នឹងឆ្លងកាត់វគ្គហ្វឹកហ្វឺនរយៈពេល ១០ សប្តាហ៍ជាមួយទាហានអាម៉េរិក។ នេះបើតាមមន្ត្រីអាម៉េរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានដែលធ្វើដំណើរអមជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austinទៅអាល្លឺម៉ង់នៅសប្តាហ៍នេះ។ រថក្រោះ​នេះ ជាគ្រឿងប្រយុទ្ធដែលមាន​សមត្ថភាពខ្លាំងអស្ចារ្យ មិនធ្លាប់បានប្រើសាកល្បងវាយជាមួយរុស្ស៊ីនោះទេ ក្នុង​​រយៈពេលសង្រ្គាម​ជាង​មួយ​ឆ្នាំមកនេះ។ ទោះបីជាអាម៉េរិកបាននិយាយកាលពីដើមដំបូងថា ខ្លួននឹងបញ្ជូនរថក្រោះ M1A2 ជំនាន់ថ្មីឲ្យអ៊ុយក្រែនក៏ដោយ ប៉ុន្តែក្រុមមន្ត្រីបានបញ្ជាក់កាលពីខែមីនាវិញថា អ៊ុយក្រែននឹងទទួលបាន M1A1នេះ ជំនួសវិញ ព្រោះបើចាំ M1A2 គឺនឹងត្រូវចាយពេលយូរណាស់។

ក្រៅពីរថក្រោះដែលផ្តល់ដោយសហរដ្ឋអាម៉េរិក អ៊ុយក្រែនក៏នឹងទទួលរថក្រោះ German Leopard 2 និង British Challengers ផងដែរ។ សមត្ថភាពរថពាសដែកទំនងជានឹងធ្វើឱ្យមានភាពខុសប្លែកគ្នានៅលើសមរភូមិ​សម្រាប់កងទ័ពអ៊ុយក្រែនដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី។

បើតាមលោក Martin O’Donnell អ្នកនាំពាក្យរបស់កងទ័ពអាម៉េរិក អឺរ៉ុបនិងអាហ្វ្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ។ ទាហានអ៊ុយក្រែនប្រហែល ៨.៨០០ នាក់បានបញ្ចប់ការហ្វឹកហ្វឺនអាវុធរួមបញ្ចូលគ្នានៅប្រទេសអាល្លឺម៉ង់ ហើយបានត្រឡប់ទៅអ៊ុយក្រែនវិញហើយ។ បច្ចុប្បន្ននេះ មានជនជាតិអ៊ុយក្រែនប្រមាណ ២២៥០ នាក់ កំពុងហ្វឹកហាត់អាវុធរួមបញ្ចូលគ្នានៅក្នុងប្រទេសអាល្លឺម៉ង់៕

ប្រភព៖ CNN

ប្រែសម្រួល៖សុខ តុលា