អន្តរជាតិ

ស្រ្តីជនជាតិចិនម្នាក់ធ្លាក់ពីលើអាកាសស្លាប់ពេលសម្តែងសៀកឈុតដ៏រន្ធត់

ដោយ៖ សហការី

 ស្ត្រីលេងសៀកជនជាតិចិនម្នាក់បានធ្លាក់ស្លាប់ក្នុងអំឡុងពេលសម្តែងឈុតដ៏រន្ធត់លោតពីលើអាកាស ដោយជឿជាក់លើសមត្ថភាពខ្លួន មិនបានរៀបចំការការពារសុវត្ថិភាព។

CNN បានឲ្យដឹងថា មានស្ត្រីជនជាតិចិនម្នាក់ជាអ្នកលេងសៀក​មានត្រកូល Sun បានធ្លាក់ពី​លើ​ឆាកសម្តែងក្នុងខណៈ​ដែលនាងកំពុង​សម្តែងលើ​អាកាស​ជាមួយនឹង​ប្តី​នៅ​ក្នុងទីប្រជុំជន​​ក្បែរ​ទីក្រុង Suzhou ក្នុង​ខេត្ត Anhui ភាគ​កណ្តាលប្រទេសចិន។ រដ្ឋបាលស្រុក Tongqiao បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះជីវិត តែជាអកុសលនាងបានស្លាប់ដោយសាររបួសរបស់នាងធ្ងន់ធ្ងរពេក។

វីដេអូតាមប្រព័ន្ធអ៊ីនធឺណិតដែលបានបង្ហាញអំពីឧបទ្ទវហេតុនេះឃើញថា គូស្នេហ៍មួយគូនេះ ត្រូវបានរថយន្តស្ទូច ស្ទូចពួកគេឡើងទៅលើអាកាសនៅចំពីលើឆាកដ៏ធំមួយ ហើយស្ត្រីនោះបានកាន់ដៃប្តីរបស់នាង ដែលដៃរបស់គាត់ត្រូវបានរុំដោយកំណាត់ជាពីរកំណាត់ព្យួរទៅនឹងដងស្ទូច។ ពេល​ពួកគេ​បណ្តែតខ្លួន​នៅ​កណ្តាល​អាកាស ស្ត្រី​នោះ​បាន​យក​ដៃ​ឱប​ក្បាល​ប្តី​របស់​នាង ហើយក៏​ទម្លាក់ខ្លួន​ផ្លាស់ប្តូរទីតាំង។ ប៉ុន្តែនាងបានរបូតដៃហើយក៏បានធ្លាក់មកលើឆាក ខណៈនោះទស្សនិកជនបានស្រែកដោយភាពតក់ស្លុតយ៉ាងខ្លាំង។ ប្តីរបស់នាងបានខិតខំតោងចាប់នាងដោយជើងរបស់គាត់ ប៉ុន្តែមិនបានសម្រេចនោះទេ។

អ្នកប្រើប្រាស់បណ្តាញ​សង្គម​ក្នុងប្រទេសចិនជាច្រើននាក់ បានចោទសួរថា ហេតុអ្វីបានជាស្ត្រីនោះមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ហើយហេតុអ្វីបានជាគ្មានសំណាញ់សុវត្ថិភាព ឬកម្រាលពូកការពារការធ្លាក់មកលើដី។ ខ្លះទៀតបានអំពាវនាវឲ្យមានការបង្កើតច្បាប់យ៉ាងតឹងរ៉ឹងបំផុតលើអាជីវកម្មកាយសម្ព័ន្ធហៅថាសៀក និងការការពារសុវត្ថិភាពឲ្យបានល្អប្រសើរដល់អ្នកសម្តែង។

មហាជនបានផ្តល់ជាមតិនៅលើវេទិកា Weibo ក៏ដូចជានៅលើ Twitter របស់ប្រទេសចិនថា “ការ​សម្តែង​សៀកនៅ​កណ្តាល​អាកាស​ប្រភេទ​នេះ ​ពិត​ជាមាន​គ្រោះថ្នាក់ខ្លាំង​ណាស់។

យ៉ាងហោចណាស់ក៏ត្រូវមានដាក់ជាសំណាញ់សុវត្ថិភាព នៅខាងក្រោមដើម្បីការពារ (អ្នកសម្តែង) នៅពេលពួកគេភ្លាត់ស្នៀតធ្លាក់មកក្រោម” ។ “មិន​ថា​អ្នក​សម្តែង​មាន​ជំនាញ​ប៉ិនប្រសប់យ៉ាង​ណានោះ​ទេ គឺរមែង​តែង​តែមានការ​ភ្លាត់ស្នៀតជារឿយៗ ហេតុអ្វី​ក៏​គ្មាន​វិធានការការពារ​សុវត្ថិភាព?”៕