អន្តរជាតិ

រុស្ស៊ីផាកពិន័យស្ត្រីម្នាក់ជិត៥០០ដុល្លារពីបទសរសើរប្រធានាធិបតីអ៊ុយក្រែនថាសង្ហា

តុលាការរុស្ស៊ីដាក់ទោសពិន័យស្រ្តីម្នាក់ឲ្យបង់ប្រាក់ជិត៥០០ដុល្លារអាម៉េរិក បន្ទាប់ពីនាងបានលើកសរសើរប្រធានាធិបតីអ៊ុយក្រែនហ្សេឡិនស្គីថាមានរូបរាងសង្ហា។

យោងតាមអង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial Center ពលរដ្ឋរូបនេះមានឈ្មោះថា Slegnia អាយុ៧០ឆ្នាំ ត្រូវបានតុលាការរុស្ស៊ីដាក់ទោសកាលពីដើមសប្តាហ៍នេះ ផាកលុយចំនួន ៤ម៉ឺនរូប ស្មើនឹងជិត៥០០ដុល្លារ បន្ទាប់ពីគាត់បានប្រព្រឹត្តទោសកំហុសធ្ងន់ បាននិយាយជាមួយស្រ្តីម្នាក់ផ្សេងទៀតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង Nalchik ដោយបានធ្វើការកត់សម្គាល់អំពីប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីថា “រាងសង្ហាមានមន្ដស្នេហ៍”  បន្ថែមពីលើការសរសើររូបរាង ស្រ្តីនេះក៏បាននិយាយថាលោក Zelensky – ដែលពីមុនធ្វើការជាអ្នកកំប្លែង – ពិតជាមនុស្សដែលមាន “អារម្មណ៍កំប្លែងល្អអស្ចារ្យ”។

យោងតាមតុលាការ លោកស្រី Slegnia បានបំពានលើមាត្រា ២០.៣.៣ នៃក្រមរដ្ឋបាល ដែលតុលាការអាចដាក់ការផាកពិន័យយ៉ាងធ្ងន់ធ្ងរលើ “បុគ្គលស៊ីវិលនិងនីតិបុគ្គលសម្រាប់ការធ្វើឱ្យខូចកិត្តិយស” នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងប្រតិបត្តិការរបស់ខ្លួន។ មន្រ្តីដែលបានចាប់ខ្លួន លោកស្រី Slegnia បានប្រាប់លោកស្រីថា “អ្នកគ្មានសិទ្ធិអ្វីត្រូវសរសើរ Zelensky ទេ ព្រោះគាត់ជាសត្រូវរបស់យើង”។ គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការឃាត់ខ្លួនលោកស្រី Slegniaនេះ អាជ្ញាធររុស្ស៊ីមិនមានបណ្តាញចារកម្មអ្វីសម្បើមនោះទេ តែគឺដោយសារតែការរាយការណ៍របស់ប្រជាជនដូចគ្នា៕

ប្រភព៖ New York Post

ប្រភពរូប៖ New York Post
ប្រែសម្រួល៖សុខ តុលា