អន្តរជាតិ

រុស្ស៊ីថាចក្រភពអង់គ្លេសគឺជាសត្រូវដ៏អស់កល្បរបស់ខ្លួន ក្រោយអង់គ្លេសដាក់ទណ្ឌកម្មបុគ្គលចុងក្រោយ

រុស្ស៊ីចាត់ទុកចក្រភពអង់គ្លេសថាជាសត្រូវដ៏អស់កល្ប(ដែលតាំងនៅយូរអង្វែង) របស់ខ្លួន បន្ទាប់ពីអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលជាន់ខ្ពស់ចុងក្រោយនៃវិមានក្រឹមឡាំង។

អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានហៅចក្រភពអង់គ្លេសថាជា “សត្រូវដ៏អស់កល្បរបស់ខ្លួន” និងក្រអឺតក្រទម ព្រមទាំងគំរាម​ជាថ្មីប្រើកាំជ្រួចនុយក្លេអ៊ែរក្រោមទឹកបង្ករលកយក្សពន្លិចទីក្រុង បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ី។ លោកថា “សម្រាប់កោះសើមដ៏ក្រអឺតក្រទម និងវេទនា ត្រូវបានបោកបក់ចូលទៅក្នុងជម្រៅទឹកសមុទ្រ ដោយរលកដែលបង្កើតឡើងដោយប្រព័ន្ធសព្វាវុធរុស្ស៊ីដ៏ទំនើប”។

វាបានកើតឡើងក្រោយ រដ្ឋាភិបាលចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើចៅក្រម     រុស្ស៊ីម្នាក់ និងបុគ្គលពីរនាក់ផ្សេងទៀត ដែលខ្លួននិយាយថា ជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក Vladimir Kara-Murza អ្នករិះគន់វិមានក្រឹមឡាំងដែលកំពុងជាប់ពន្ធនាគារ២៥ឆ្នាំ។ ទណ្ឌកម្ម​មាន​ពាក់ព័ន្ធ​នឹង​ការ​បង្កក​ទ្រព្យសកម្ម និង​បម្រាម​ធ្វើ​ដំណើរ។ វាបានកើតឡើងបន្ទាប់ពីគាត់បានថ្កោលទោសជាសាធារណៈចំពោះសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។ Kara-Murza ត្រូវបានឃុំខ្លួនដំបូងកាលពីមួយឆ្នាំមុន ប៉ុន្មានម៉ោងបន្ទាប់ពីបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលក្នុងនោះគាត់បានរិះគន់ “របបឃាតក” របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕

ប្រភព៖ CNN

ប្រែសម្រួល៖សុខ តុលា