សន្ដិសុខសង្គម

រថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់

កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូត្រូវរថយន្តបុកនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេ១០-១១ នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-8622 បើកបរដោយឈ្មោះ រិត សារ៉េន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើបានបើកទៅប៉ះម៉ូតូមួយគ្រឿងម៉ាក HONDA DAELIM C100 ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ 1T-3384 បើកបរដោយឈ្មោះ ឈិន កៅ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មានលំនៅភូមិតាលីង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ បណ្តាលឲ្យដួលហើយត្រូវរថយន្តខាងលើកិនស្លាប់ កំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

ប្រភពខាងលើបានបន្តទៀតថា ក្រោយកើតហេតុ ជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះ​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កឈ្មោះ រិត សារ៉េន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំពោះវត្ថុតាងរថយន្តនិង ម៉ូតូបានយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំចាត់ការតាមនីតិវិធី៕