អន្តរជាតិ

បុរសម្នាក់ប្រទះឃើញសពសត្វកណ្តុរ៣២ក្បាលមានអាយុកាលជិត២០០ឆ្នាំមុន

ដោយ៖ សហការី

បុរសម្នាក់បានរុះរើរោងម៉ាស៊ីនកិនស្រូវ ក៏បានប្រទះឃើញសាកសពសត្វកណ្តុរ៣២ក្បាល ដែលមានកន្ទុយចាក់ស្រែះគ្នា មានអាយុកាលតាំងពីឆ្នាំ ១៨២៨។

បើតាមការចុះផ្សាយរបស់ The Guinness World Record កាលពីថ្ងៃទី ២០ ខែមេសា បានឲ្យដឹងថា លោក Steinbrück គឺជាអ្នកបម្រើការនៅក្នុងរោងម៉ាស៊ីនកិនស្រូវមួយកន្លែង បានរុះរើបំពង់ផ្សែង ហើយនៅពេលនោះគាត់បានរកឃើញបណ្តុំនៃសត្វកណ្តុរងាប់នៅក្រោមគំនរបាក់បែក។ ក្នុងនោះមានសពសត្វកណ្តុរចំនួន ៣២ក្បាលជាប់កន្ទុយចាក់ស្រែះគ្នា ហើយពួកវាគ្មានរោម និងខ្លួនពោរពេញទៅដោយភាពកខ្វក់។

Steinbrück បានយករឿងបណ្តុំសត្វកណ្តុរនេះមកប្រាប់ដល់សមាគមស្រាវជ្រាវធម្មជាតិ Altenburg ហើយពួកគេក៏បានយកវាទៅដាក់ក្នុងប្រអប់កញ្ចក់ ដើម្បីបង្ហាញវាដល់សាធារណជន ហើយក៏ទទួលបានការបំបែកកំណត់ត្រាពិភពលោក ដែលជាបណ្តុំសពសត្វកណ្តុរមានអាយុកាលជិត២០០ឆ្នាំមុន។

Guinness បានឲ្យដឹងទៀតថា ជាធម្មតា វាតែងតែកើតឡើងចំពោះតែកូនសត្វកណ្តុរតូចៗ ដែលដេកចូលគ្នានៅក្នុងបរិវេណតូចចង្អៀត ហើយកន្ទុយរបស់ពួកវាបានរមូរចាក់ស្រែះចូលគ្នា រួចក៏បង្កើតបានជាចំណងមួយ។ កន្ទុយ​ដែលចាក់ស្រែះ​ក្លាយជាចំណងចងជាប់គ្នា​ដោយ​មានជាប់សារជាតិ​កខ្វក់ ​ដូច​ជា ទឹក ​ខ្លាញ់ ឈាម កាកសំណល់អាហារ លាមក ឬ​ទឹកនោមជាដើម នៅពេលដែលពួកវាក្រោកឡើងហើយព្យាយាមចាកចេញពីគ្នា កន្ទុយដែលក្លាយជាចំណងនោះ ក៏ចាប់ផ្តើមរឹតបន្តឹងឲ្យកាន់តែជាប់បន្ថែមទៀត។

តាមរបាយការណ៍ដែលចេញផ្សាយដោយអ្នកជំនាញខាងគ្រីពតូរវិទ្យា M. Schneider បានឲ្យដឹងថា នៅឆ្នាំ ១៩៦៣ ក៏មានកសិករនៅប្រទេសហូឡង់ម្នាក់បានរកឃើញបណ្តុំសត្វកណ្តុរមួយ ដែលមានសត្វកណ្តុរផ្តុំគ្នាចំនួន ៧ក្បាល ហើយកន្ទុយពួកវាបានចាក់ស្រែះគ្នាដូច្នេះដែរ៕