សន្ដិសុខសង្គម

រាយខ្សែភ្លើងឆក់ត្រីក្នុងប្រឡាយ ទំនងខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង

កណ្តាល៖បុរសម្នាក់បានរាយខ្សែភ្លើងតចេញពីចរន្តអគ្គិសនីដើម្បីឆក់ត្រីក្នុងប្រឡាយទឹក ទំនងខុសបច្ចេកទេស​បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯងភ្លាមៗ។ករណីនេះបានកើតឡើងនៅមុខ មណ្ឌលជនពិការបន្ទាយព្រាប តាមផ្លូវជាតិលេខ៤ ឋិតក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមេសា។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សុខ រ៉ៃយ៉ា អាយុ៣១ឆ្នាំ។ មុនកើតហេតុ ម្តាយមីងបង្កើតនៃសពឈ្មោះ កុង លីនដា អាយុ៤៨ឆ្នាំ បានប្រាប់ថា នៅយប់ថ្ងៃទី១៩ មេសា ក្មួយបានមកផ្ទះរបស់គាត់។

លុះព្រឹកឡើងបាត់មិនឃើញក្មួយមិនដឹងទៅណា ស្រាប់តែអ្នកភូមិបានជិះម៉ូតូមកប្រាប់ថា ក្មួយរបស់មីងគេឃើញស្លាប់នៅមាត់ប្រឡាយមុខមណ្ឌលជនពិការ។បន្ទាប់មកកម្លាំងជំនាញ ក៏ចុះពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញមានស្នាមរលាត់ស្បែកលើដោះនិងមានស្នាម រលាត់ស្បែកម្រាមដៃស្តាំ។ក្រុមជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនី ឆក់ដោយរូបគេតខ្សែភ្លើងប្រវែង២០០ម៉ែត្រឆក់ត្រី ទំនងខុសបច្ចេកទេសក៏ឆក់ស្លាប់ខ្លួនឯងតែម្តង៕ដោយ៖វិចិត្រ