អន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ីច្រឡំទម្លាក់គ្រាប់បែកចំទីក្រុងខ្លួនឯងបង្កការខូចខាត

ពិតជាមិនគួរឲ្យជឿ ស្រ្តីពីរនាក់បានរងរបួស ខណៈដែលរថយន្ត និងអគារច្រើនខ្នងត្រូវបានបំផ្លាញ​យ៉ាងដំណំ​ ក្រោយយន្តហោះចម្បាំងរុស្ស៊ីបានច្រឡំទម្លាក់គ្រាប់បែកចំទីក្រុងរបស់ខ្លួនឯង។

នេះដោយយោងតាមសារព័ត៌មាន Tass របស់រុស្ស៊ីដែលបានដកស្រង់សម្តីក្រសួងការពារជាតិ​កាលពី​ថ្ងៃព្រហស្បតិ៍ទី ២០ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះបាននិយាយថា “នៅពេលដែលយន្តហោះចម្បាំង​របស់កងកម្លាំងអាកាស Sukhoi Su-34 បានកំពុងហោះហើរពីលើទីក្រុង Belgorod ជាប់នឹងអ៊ុយក្រែន វាក៏ស្រាប់តែបានច្រឡំបើកគន្លឹះបញ្ចេញគ្រាប់បែក”។ តាមអាជ្ញាធរក្នុងតំបន់ ហេតុការណ៍នេះគឺជាទង្វើ​អចេតនា​របស់អាកាសយានិក ដោយបានបណ្តាលឲ្យស្រ្តី២នាក់រងរបួស ព្រមទាំងធ្វើឲ្យខូចខាត​រថយន្ត៤គ្រឿង និងអគារអាផាតមិនជួលចំនួន៤ខ្នង។ លោក Vyacheslav Gladkov អភិបាល​តំបន់ Belgorod បាន​ប្រកាស​ពី​ភាព​អាសន្ន​ និងបាន​និយាយ​នៅ​លើបណ្តាញ Telegram ថា “មាន​រណ្ដៅ​មួយធំណាស់​​ទំហំប្រហែល ២០ ម៉ែត្រ”។

តំបន់ Belgorod គឺជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើននៃភាគខាងត្បូងនៃប្រទេស    រុស្ស៊ី ជាកន្លែងដែលគោលដៅដូចជាហាងលក់ប្រេងឥន្ធនៈ និងគ្រាប់រំសេវ ត្រូវបានរងការរញ្ជួយ​ដោយការផ្ទុះចាប់តាំងពីការចាប់ផ្តើមនៃអ្វីដែលទីក្រុងមូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា