អន្តរជាតិ

មេអង្គការណាតូធ្វើដំណើរទៅកាន់ទីក្រុងគៀវអ៊ុយក្រែនលើកដំបូងចាប់តាំងពីសង្រ្គាម

មេដឹកនាំនៃសម្ព័ន្ធអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ទី ២០ ខែមេសា ឆ្នាំ២០២៣សប្តាហ៍នេះ បានធ្វើដំណើរទៅកាន់ទីក្រុងគៀវប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

តាមសេចក្តីរាយការណ៍ដោយប្រភព CNN  ជំនួបនេះហាក់មានភាពជិតស្និទ្ធខ្លាំង ខណៈដែលខាងមេណាតូបានបញ្ចេញនូវវោហារសាស្រ្តប្តេជ្ញាចិត្ត ក៏ដូចជាលើកទឹកចិត្តជាហូរហែទៅកាន់លោកហ្សេឡិនស្គីប្រធានាធិបតីអ៊ុយក្រែន។ Stoltenberg បាននិយាយថា គាត់បានពិភាក្សាអំពី “គំនិតផ្តួចផ្តើមគាំទ្រច្រើនឆ្នាំ” ជាមួយប្រធានាធិបតី Volodymyr Zelensky ដោយបន្ថែមថានឹងជួយអ៊ុយក្រែនឱ្យផ្លាស់ប្តូរពីឧបករណ៍និងគោលលទ្ធិនៃ​សម័យសូវៀតទៅជា “ស្តង់ដារណាតូ”។ ប្រធានអង្គការណាតូបាននិយាយថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុនមក សម្ព័ន្ធមិត្តរបស់សម្ព័ន្ធមិត្តបានផ្តល់ជំនួយជាង ១៥០ ពាន់លានអឺរ៉ូ (១៦៥ ពាន់លានដុល្លារ) រួមទាំងជំនួយយោធាចំនួន ៦៥ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន។ លោកបន្ថែមថា “ឥឡូវនេះសម្ព័ន្ធមិត្តកំពុងផ្តល់យន្តហោះចម្បាំង រថក្រោះ និងរថពាសដែកបន្ថែមទៀត” ។ “ណាតូ​ឈរ​នៅ​ជាមួយ​អ្នក​នៅ​ថ្ងៃ​នេះ ស្អែក និង​ឲ្យ​បាន​យូរ​តាម​ដែល​វា​ត្រូវ​ការ”។

ថ្លែងនៅក្នុងសន្និសិទរួមនៅទីក្រុង Kyiv លោក Zelensky បានឆ្លើយតបវិញថា លោកបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីសម្ព័ន្ធមិត្ត ប៉ុន្តែបានសង្កត់ទៅកាន់ Stoltenberg អំពីពេលវេលា ដែលអ៊ុយក្រែននឹងត្រូវបានអញ្ជើញឱ្យចូលរួមជាមួយអង្គការណាតូ។ Zelensky ថា “យើងត្រូវការអ្វីមួយឲ្យច្បាស់លាស់ច្រើនជាងទំនាក់ទំនងដែលយើងកំពុងមានឥឡូវនេះ”។ “យើង​នឹង​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធភាព​របស់អ្នក យើង​ជឿ​ថា​នោះ​ជា​ការ​ធានា​សន្តិសុខ​របស់​អ៊ុយក្រែន និង​ជា​ការ​ធានា​ជាក់​លាក់”។​ បែបនេះ គេនៅតែពុំទាន់ទទួលបានការបញ្ជាក់ណាមួយពីខាងណាតូអំពីនីតិវិធីចូលជា​សមាជិកនោះទេ៕

ប្រភព៖ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា