អន្តរជាតិ

មនុស្សយន្តដំបូងគេបង្អស់អាចប្រកួតបាល់ទាត់និងជួយជីវិតមនុស្សបាន

ដោយ៖ សហការី

ក្រុមវិស្វករផ្នែកមេកានិចបានបង្កើតមនុស្សយន្តដំបូងគេបង្អស់ មិនត្រឹមតែអាចប្រកួតបាល់ទាត់ប៉ុណ្ណោះទេ តែវាអាចជួយពន្លត់អគ្គិភ័យ និងសង្គ្រោះជីវិតមនុស្សបាន។

Reuters កាលថ្ងៃទី ១៩ ខែមេសា បានឲ្យដឹងថា មនុស្សយន្ត ARTEMIS មានកម្ពស់ ៤ហ្វីត ៨អ៊ីង ស្មើនឹង ១៤២ សង់ទីម៉ែត្រ និងមានទម្ងន់ ៣៨គីឡូក្រាម។ ARTEMIS គឺជាមនុស្សយន្តដំបូងគេបង្អស់ដែលក្រុមវិស្វករផ្នែកមេកានិច មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុងឡូសអេនជឺលេស (UCLA) បង្កើតឡើង ហើយបានត្រៀមរួចជាស្រេចសម្រាប់ប្រតិបត្តិការនៅលើទីលាន ហើយវាអាចជួយពន្លត់អគ្គិភ័យ និងសង្គ្រោះជីវិតមនុស្សបានទៀតផង។

ការប្រើបច្ចេកវិជ្ជាដ៏ទំនើបជំនាន់ចុងក្រោយសម្រាប់មនុស្សយន្ត ARTEMIS ដែលជាបច្ចេកវិទ្យាមនុស្សយន្តកម្រិតខ្ពស់បំផុត សម្រាប់ដំណើការចល័តឲ្យកាន់តែប្រសើរឡើង និងធានាឲ្យមានស្ថិរភាពដែលអាចរក្សាលំនឹងរបស់វា ទប់ទល់នឹងការទាត់ឬការរុញច្រានដ៏ខ្លាំងក្លា និងទប់ទល់ទៅនឹងការគប់មកលើវា ហើយវាមានសមត្ថភាពរត់គេចបាន។ ប៉ុន្តែអ្វីដែលធ្វើឱ្យ ARTEMIS ល្អដាច់លើសគេនោះ គឺវាមានសមត្ថភាពក្នុងការលេងបាល់ទាត់។

សាស្ត្រាចារ្យផ្នែកវិស្វកម្មមេកានិច និងអវកាស និងជានាយកមន្ទីរពិសោធន៍រ៉ូបូត លោក Dennis Hong ជាអ្នកបង្កើតមនុស្សយន្ត ARTEMIS បាននិយាយថា “ប្រសិនបើមនុស្សយន្តរបស់អ្នកមិនអាចលេងបាល់ទាត់បានផង តើអ្នកអាចប្រើមនុស្សយន្តទាំងនេះសម្រាប់ធ្វើរឿងដ៏សំខាន់ៗបន្ថែមលើសនេះទៀតបានដែឬទេ ដូចជានៅក្នុងការជួយសង្គ្រោះជីវិតមនុស្ស តើវាអាចធ្វើបានដោយរបៀបណា?”។

លោក Hong បាននិយាយទៀតថា បច្ចេកវិទ្យាដែលយើងយកមកប្រើប្រាស់សម្រាប់មនុស្សយន្តលេងបាល់ទាត់ ក៏ត្រូវបានត្រៀមយកមកប្រើប្រាស់សម្រាប់កម្មវិធីផ្សេងៗទៀត ដូចជាការពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗបានផងដែរ។

មនុស្សយន្តដ៏វៃឆ្លាតខាងលើត្រូវបានយកមកប្រើប្រាស់ ក៏ប៉ុន្តែមិនប្រើនៅក្នុងការប្រកួត FIFA World Cup នោះទេ។ ក្រុមមេកានិចរបស់លោក Hong នឹងធ្វើការបង្ហាញអំពីសមត្ថភាពមនុស្សយន្តលេងបាល់ទាត់យ៉ាងពេញលក្ខណៈរបស់ខ្លួននៅក្នុង RoboCup ក្នុងទីក្រុង Bordeaux ប្រទេសបារាំង ក្នុងខែកក្កដាខាងមុខនេះ៕