សន្ដិសុខសង្គម

ពលរដ្ឋជាង១០នាក់ពុលនំបញ្ចុកកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋចំនួន១២នាក់ ក្រោយពីបានទទួលទាននំបញ្ចុកសម្លខ្មែរ ក៏កើតអាការក្អួតចង្អោរឈឺក្បាល វិលមុខ ទឹកមុខស្លេកស្លាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅ៣សង្កាត់ ក្នុងក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី២០ ខែមេសា។​

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ពលរដ្ឋប្រុសស្រីចំនួន១២នាក់មានក្មេងចាស់បានពុលនំបញ្ចុកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។ ក្នុងនោះមានសង្កាត់ព្រះពន្លា១០នាក់-សង្កាត់កំពង់ស្វាយម្នាក់និងសង្កាត់អូរអំបិលម្នាក់។

លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបានបញ្ជាក់ថា ក្រោយពេលពលរដ្ឋ១២នាក់បានពុលនំបញ្ចុកដោយមានអាការក្អួតចង្អោរ ឈឺក្បាលវិលមុខសភាពស្លេកស្លាំងត្រូវបានគ្រូពេទ្យដាក់សេរ៉ូមចាក់ថ្នាំភ្លាមៗរហូតដល់ល្ងាចថ្ងៃនេះពួកគាត់បានធូរស្រាលហើយរង់ចាំត្រឡប់ទៅផ្ទះវិញ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនជូនពួកគាត់១២នាក់។ក្នុងនោះអភិបាលខេត្តបានបញ្ជាក់ថា តាមការសន្និដ្ឋាន អាចពុលពីបន្លែនំបញ្ចុក ព្រោះអ្នកដែលហូបនំបញ្ចុកដែរតែមិនបានដាក់បន្លែគឺអត់ពុលទេ។តែលទ្ធផលមន្ត្រីជំនាញបានយកសំណាកទៅក្រសួងសុខាភិបាលដើម្បីពិនិត្យ៕ដោយ៖វិចិត្រ