អន្តរជាតិ

ដាណឺម៉ាក និងហូឡង់យល់ព្រមរួមគ្នាទិញរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤គ្រឿងទៅឱ្យអ៊ុយក្រែន

ប្រទេសដាណឺម៉ាក និងហូឡង់ បានយល់ព្រមរួមគ្នាទិញ និងបរិច្ចាគរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤គ្រឿងទៅឱ្យអ៊ុយក្រែន ដែលទំនងជានឹងទទួលដល់ដៃនៅដើមឆ្នាំ ២០២៤ ។

យោងតាមតាមការចុះផ្សាយរបស់សាជីវកម្មផ្សព្វផ្សាយដាណឺម៉ាក កាលពីថ្ងៃទី ២០ខែមេសា ឆ្នាំ២០២៣​ បានឲ្យដឹងថា ការប្រកាសទាក់ទងនឹងការទិញរថក្រោះ Leopard 2 ចំនួន ១៤គ្រឿងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលដាណឺម៉ាកបានសន្យាថានឹងផ្តល់រថក្រោះ Leopard 1 ចំនួន ១០០គ្រឿងដល់អ៊ុយក្រែនរួចហើយនាពេលកន្លងទៅ។ រដ្ឋមន្ត្រីការពារជាតិស្តីទីរបស់ដាណឺម៉ាក Troels Lund Poulsen បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេសដាណឺម៉ាកថា យ៉ាងហោចណាស់រថក្រោះ Leopard 1 ចំនួន ៨០ គ្រឿងនឹងត្រូវផ្ទេរទៅកាន់អ៊ុយក្រែននៅចុងឆ្នាំ ២០២៣ ។ ហើយទន្ទឹមនឹងនេះ រថក្រោះខ្លារខិន Leopard 2 ត្រូវបានគេរំពឹងថានឹងផ្ទេរទៅអ៊ុយក្រែននៅដើមឆ្នាំ ២០២៤ បន្តបន្ទាប់ទៀត ។

លោក Poulsen បាននិយាយថា “យើងនឹងសម្លឹងមើលជម្លោះរយៈពេលវែងមួយ ហើយដូច្នេះវាមាន​សារសំខាន់ក្នុងការផ្តល់សញ្ញានយោបាយច្បាស់លាស់ថា យើងឈរក្នុងសាមគ្គីភាពជាមួយ​ប្រជាជនអ៊ុយក្រែន និងបំណងប្រាថ្នាដែលពួកគេត្រូវតែការពារប្រទេសរបស់ពួកគេ”។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov នៅថ្ងៃទី១០ ខែមេសា លោក Poulsen បាននិយាយថា ប្រទេសដាណឺម៉ាកមានបំណងចាប់ផ្តើមផ្គត់ផ្គង់​អ៊ុយក្រែនជាមួយនឹងរថក្រោះ Leopard 1 “នៅរដូវក្តៅ” ។ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានរួម​កាលនោះ លោកបានទទួលស្គាល់ថាមានរថក្រោះខ្លារខិន Leopard 2 មិនច្រើនទេនៅក្នុងប្រទេស​ដាណឺម៉ាក ប៉ុន្តែថាប្រទេសនេះនឹង “ពិចារណាស្វះស្វែងរកមធ្យោបាយផ្សេងទៀតនៃការបញ្ជូន”៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា