សន្ដិសុខសង្គម

ចាប់បានហើយជនសង្ស័យសម្លាប់ស្ត្រីកាត់ក្បាលចោលក្នុងបន្ទប់ទឹកនៅក្រុងបាវិត

ព្រះវិហារ៖បន្ទាប់ពីសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់ រួចកាត់ក្បាលយកចោលក្នុងបន្ទប់ទឹក​នៅក្រុងបាវិតខេត្តស្វាយរៀង ហើយរត់ទៅលាក់ខ្លួននៅខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចចាប់ខ្លួន​បានហើយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ស្ត្រី​បុគ្គលិកកាស៊ីណូម្នាក់ រួចកាត់ក្បាលយកចោលក្នុងបន្ទប់ទឹកនៅក្រុងបាវិតខេត្តស្វាយរៀង។ពេលនេះសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២០ ខែមេសា នៅស្រុកឆែប ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលផែនសេនាធិការនៃនគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យឈ្មោះឡោ គង់ហួរ អាយុ៤១ឆ្នាំ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យបានរត់គេចខ្លួនមកស្នាក់នៅក្នុង​ផ្ទះសំណាក់មួយក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រលប់ថ្ងៃទី២០ ខែមេសា ដោយប្រុងឆ្លងដែនទៅប្រទេសឡាវ។

ប្រភពដដែលបានបន្តថា ពេលមកដល់ផ្ទះសំណាក់ ជនសង្ស័យបានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន។ខណៈម្ចាស់ផ្ទះបានដឹងក៏ប្រាប់ទៅសមត្ថកិច្ចឱ្យមកពិនិត្យ។ សមត្ថកិច្ចបានចុះទៅអន្តាគមន៍​បញ្ជូនបុរសនោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ហើយក៏បានពិនិត្យអត្តសញ្ញាណត្រូវគ្នានឹងមុខសញ្ញា​ជាឃាតកដែលសម្លាប់ស្ត្រីម្នាក់នៅក្រុងបាវិត។

បន្ទាប់ពីបញ្ជូនជនសង្ស័យនោះទៅសង្រ្គោះ មកទល់ម៉ោង៩ព្រឹកទី២១ ខែមេសានេះជនសង្ស័យ​បានដឹងខ្លួនហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងសង្គ្រោះដើម្បីបន្តចំណាត់ការតាមច្បាប់។តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារអស់មួយជីវិត៕ដោយ៖សុខុម