សន្ដិសុខសង្គម

ចាប់ជនសង្ស័យប្រើកាំបិតបុ័ងតោកាប់ប្លន់យកទូរសព្ទបណ្ដាលឱ្យម្ចាស់រងរបួសធ្ងន់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចាប់ជនដៃដល់ម្នាក់ដែលប្រើកាំបិតបុ័ងតោ​កាប់ប្លន់យកទូរសព្ទបណ្តាលឱ្យម្ចាស់រងរបួសធ្ងន់ធ្ងរ។ ករណីនេះបានកើតឡើងនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ​ កាលពីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី២១ ខែមេសា។

មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា  ជនសង្ស័យឈ្មោះ ហ៊ីម រ៉ូនី អាយុ១៩ឆ្នាំនៅភូមិជ្រោយអណ្ដែត ស្រុកមុខកំពូល ខេត្តកណ្តាល។ចំណែកជនរងគ្រោះឈ្មោះ ឆេង លីហ៊ាង អាយុ១២ឆាំ្ន ជាសិស្សនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រងរបួសធ្ងន់។

សម្ភារដកហូតរួមមាន-ទូរសព្ទដៃ៣គ្រឿងជារបស់ជនរងគ្រោះហើយបានប្រគល់ឱ្យម្ចាស់វិញ។ទូរសព្ទ២គ្រឿងជារបស់ជនសង្ស័យ-កាំបិតបុ័ងតោ១-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមផ្លកលេខកំពង់ចាម1F-9016។ ដំបូងជនសង្ស័យបានជិះម៉ូតូមកទិញស្រាបៀរនៅផ្ទះកើតហេតុ។

ពេលនោះជនរងគ្រោះបានដើរទៅយកស្រាបៀរក្នុងផ្ទះ រីឯជនសង្ស័យឃើញឱកាសល្អក៏បានលួចទូរសព្ទ៣គ្រឿងដែលដាក់បញ្ចូលថ្ម។តែត្រូវម្ចាស់ឃើញទាន់ក៏ស្ទុះមកចាប់ជនល្មើសហើយបានប្រតាយប្រតប់គ្នា។ភ្លាមនោះជនសង្ស័យទាញកាំបិតបុ័ងតោដែលនៅក្បែរខ្លួនមកកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង៕ដោយ៖វិចិត្រ