សន្ដិសុខសង្គម

កូនចាប់ក្បាលឪពុកបោកនឹងធុងហ្គាសរយះហូរឈាមរហូតដល់ស្លាប់

ព្រៃវែង៖កូនប្រុសដ៏កំណាចម្នាក់អាចបែកថ្នាំ បានទាស់សម្តីជាមួយឪពុកបង្កើត ហើយវាយចាប់ក្បាល​អ្នកមានគុណបោកនឹងធុងហ្គាស ធ្វើឱ្យរយះហូរឈាមរហូតដល់ស្លាប់។ហេតុការណ៍ដ៏ឃោរឃៅនេះ​បានកើតឡើងនៅភូមិថ្លុកកណ្តោល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមេសា។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះត្រូវកូនវាយរហូតស្លាប់ឈ្មោះ យ៉ុន ឆៃឡេង អាយុ៥២ឆ្នាំ នៅភូមិឃុំខាងលើ។រីឯកូនប្រុសជាជនសង្ស័យឈ្មោះ ឡេង បារាំង អាយុ២៧ឆ្នាំ ជាមនុស្សបែកថ្នាំ រស់នៅជាមួយឪពុក។

មុនកើតហេតុ ជនសង្ស័យបានដើរផឹកស៊ីបាត់ រហូតដល់យប់ជ្រៅទើបត្រឡប់ចូលផ្ទះវិញ។ ពេលនោះឪពុកបានស្តីបន្ទោសបន្តិចបន្តួច កូនកំណាចខឹងស្ទុះមកវាយនិងចាប់ក្បាល​ឪពុកបោកនឹងធុងហ្គាស បណ្តាលឱ្យរយះហូរឈាមស្លាប់ភ្លាមៗតែម្តង។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះចាប់ជនសង្ស័យយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ