អន្តរជាតិ

ហ្សេឡិនស្គីចុះទៅមើលស្ថានភាពព្រំដែនជាមួយបេឡារុស និងប៉ូឡូញ

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី នៅថ្ងៃពុធសប្តាហ៍នេះ បានចុះទៅមើលស្ថានភាព​តំបន់ព្រំដែនជាប់បេឡារុស និងប៉ូឡូញ ចំពេលដែលមានការព្រួយបារម្ភខ្លាចរុស្ស៊ីខ្ចីដីបេឡារុស​បើកការវាយប្រហារថ្មី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធទី ១៩ ខែមេសា ឆ្នាំ២០២៣ បានចុះទៅទស្សនកិច្ចតំបន់ព្រំដែន Volyn ជាខ្សែទល់ដែនជាប់ជាមួយប្រទេសបេឡារុសនិងប៉ូឡូញ។  Zelenskyy បានសរសេរនៅក្នុងសារ Telegram ដែលរួមបញ្ចូលវីដេអូរបស់គាត់ក្នុងឱកាសប្រគល់រង្វាន់​ជូនឆ្មាំជាតិថា “វាជាកិត្តិយសសម្រាប់ខ្ញុំនៅទីនេះនៅថ្ងៃនេះដើម្បីអរគុណឆ្មាំព្រំដែនរបស់យើងសម្រាប់​ការការពារព្រំដែនរដ្ឋបានយ៉ាងល្អ”។ Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវតែ “ត្រៀមខ្លួន” នៅព្រំដែនជាមួយប្រទេសបេឡារុសជានិច្ច ទោះបីជាឥឡូវនេះ មិនបានឃើញអ្វីខុសប្រក្រតីគួរឲ្យ​កត់សម្គាល់​ក៏ដោយ។

ការភ័យខ្លាចនៃការវាយប្រហារចេញពីព្រំដែនបេឡារុស កើតឡើងបន្តបន្ទាប់គ្នាក្រោយពេលដែលរុស្ស៊ី និងបេឡារុសបានប្រកាសធ្វើសមយុទ្ធយោធារួមគ្នា និងពិសេសក្រោយពេលដែលរុស្ស៊ីបានប្រកាស​ដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា