អន្តរជាតិ

វិមានក្រឹមឡាំង៖ ជំនួយសព្វាវុធរបស់កូរ៉េខាងត្បូងដល់អ៊ុយក្រែនមានន័យស្មើនឹងការចូលក្នុងជម្លោះ

វិមានក្រឹមឡាំងនិយាយថា ជំនួយសព្វាវុធរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដល់អ៊ុយក្រែន មានន័យស្មើនឹង​ការចូល​ក្នុងជម្លោះហើយ។

អ្នកនាំពាក្យជាន់ខ្ពស់របស់វិមានក្រឹមឡាំង លោក Dmitry Peskov បានចេញប្រាប់អ្នកយកព័ត៌មាន​ក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃទី១៩មេសាថា “ជាអកុសល ទីក្រុងសេអ៊ូលបានប្រកាន់ជំហរមិនរាក់ទាក់​ក្នុងរឿងទាំងមូលហើយ”។ “ពួកគេនឹងព្យាយាមទាក់ទាញប្រទេសដទៃៗកាន់តែច្រើនឡើងដោយផ្ទាល់​ឲ្យចូលទៅក្នុងជម្លោះដូចខ្លួនដែរ។ ជាការពិតណាស់ ការចាប់ផ្តើមនៃការចែកចាយអាវុធ នឹងមានន័យស្មើនឹងដំណាក់កាលជាក់លាក់នៃការចូលរួមនៅក្នុងជម្លោះនេះ”។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Vladimir Putin ដែលតែងតែធ្វើអត្ថាធិប្បាយសរសើរពេញៗមាត់ទៅលើយុទ្ធនាការយោធារបស់រុស្ស៊ីនៅ​អ៊ុយក្រែន បានលើកឡើងបន្ទាប់គ្នាថា ទីក្រុងមូស្គូអាចឆ្លើយតបវិញដោយការផ្គត់ផ្គង់អាវុធ​ទំនើបដល់កូរ៉េខាងជើង។ “ដោយសំដៅលើកូរ៉េខាងត្បូង លោកថា ខ្ញុំចង់ដឹងណាស់ថាតើប្រជាជន​នៃប្រទេសនេះ នឹងជ្រួលច្របល់ប៉ុនណានៅពេលបានឃើញការរចនាអាវុធរុស្ស៊ីចុងក្រោយបំផុត​នៅក្នុងដៃនៃប្រទេសជិតខាងបំផុតរបស់ពួកគេ”។

សូមរំលឹកថា នៅក្នុងបទសម្ភាសន៍ទៅកាន់ប្រភពសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ មុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ លោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងសេអ៊ូលនឹងពិចារណាលើការបំពាក់អាវុធដល់ទីក្រុង Kyivទ្រាំលែងបានហើយ ដើម្បីជាការឆ្លើយតបនឹងការវាយប្រហារដ៏ធំរបស់រុស្ស៊ីមកលើជនស៊ីវិល​អ៊ុយក្រែន។ វាជាលើកដំបូងហើយ ដែលកូរ៉េខាងត្បូងបានចេញមុខបញ្ជាក់ច្បាស់ថា ខ្លួននឹងផ្តល់អាវុធដល់អ៊ុយក្រែន ទាំងដែលពេលកន្លងទៅបានត្រឹមតែផ្តល់នូវការផ្គត់ផ្គង់ជំនួយ​ផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌ដល់ទីក្រុងគៀវប៉ុណ្ណោះ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា