អន្តរជាតិ

រុស្ស៊ីវាយប្រហារជាថ្មីដោយយន្តហោះគ្មានមនុស្សបើកមកលើតំបន់កំពង់ផែសមុទ្រខ្មៅ Odesa

ជាមួយគ្នារុស្ស៊ីបើកការវាយប្រហារជាថ្មីដោយយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់មកលើតំបន់កំពង់ផែសមុទ្រខ្មៅ Odesa ភាគខាងត្បូងអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនអះអាងថាបានស្ទាក់ចាប់បាន១០គ្រឿង។

អាជ្ញាធរក្នុងតំបន់បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក​លើតំបន់ Odesa យ៉ាងពិតប្រាកដមែនកាលពីថ្ងៃពុធទី ១៩ ខែមេសាសប្តាហ៍នេះ ដោយបានវាយលុកចូលដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចសព្វដង។ លោក Yuriy Kruk ប្រធានរដ្ឋបាលយោធាស្រុក Odesa បាននិយាយនៅលើ Telegram ថា “នៅពេលយប់ សត្រូវបានធ្វើការវាយប្រហារដោយ UAVs នៃប្រភេទ Shahed-136 នៅលើតំបន់ Odesa”។ ក៏ប៉ុន្តែជាសំណាង“តាម​ព័ត៌មាន​បឋម​មិន​មាន​អ្នក​រង​របួស និងស្លាប់ដែលត្រូវបានរាយការណ៍នោះ​ទេ។

“វិធានការ​កំពុង​ត្រូវ​បានទប់ស្កាត់បកវិញ ហើយអង្គភាព​នៃ​សេវា​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ និង​សំណង់​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​នៅ​នឹង​កន្លែង”។ ឧត្តមសេនីយ៍ Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនបានបន្ថែមទៀតថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកទាំងនោះបានចំនួន១០គ្រឿង    ខណៈទាំងអស់ដែលបានស្ថិត​ក្នុងសកម្មភាពវាយប្រហារមានចំនួន១២គ្រឿង។ ជុំវិញព័ត៌មាននេះ គេពុំបានទទួលការឆ្លើយតប ឬដំណឹងពាក់ព័ន្ធណាមួយពីរុស្ស៊ីនោះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា