សន្ដិសុខសង្គម

រថយន្តទំនើបពេលឈប់ចតត្រូវភ្លើងឆាប​ឆេះយ៉ាង​សន្ធោសន្ធៅ​អស់គ្មានសល់

​ភ្នំពេញ៖រថយន្តLEXUS NX 200Tមួយគ្រឿងកំពុងបើកបរ ម្ចាស់បានឈប់ចតត្រូវភ្លើងឆាបឆេះ​យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង មិនអាចមានការជួយពន្លត់ទាន់។ករណីបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះបានកើតឡើងនៅមុខ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ម្តុំ​ផ្លូវលំ​កែង​ផ្លូវ​ថៃ​ហ្គ័​រ ឋិត​ក្នុងភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា។

អ្នកភូមិបានឱ្យ​ដឹង​ថា មុន​​កើតហេតុ គេ​ឃើញ​រថយន្ត LEXUS NX 200T ផ្លាក​លេខ ភ្នំពេញ​2AV 8191 បាន​មក​​ឈប់​នៅ​លើ​ផ្លូវកន្លែងខាងលើ​។ក្រោយមកក៏​ឮ​សូរ​សំឡេង​ផ្ទុះ​ស្រាប់តែ​ឃើញ​​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពីផ្នែក​ខាង​មុខ​នៃ​រថយន្ត​។ពេលនោះប្រជាពលរដ្ឋបាន​នាំ​គ្នា​ជួយ​យក​បំពង់​​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​អាច​ទប់ស្កាត់​បាន​ទេ​។

បន្ទាប់មក​​រថយន្ដ​ពន្លត់​អគ្គិភ័យនៃបុរី​ប៉េង​ហួតមួយគ្រឿង​បានចេញ​ជួយ​បាញ់​ពន្លត់​ប្រើ​ទឹកអស់​១​រថយន្ដទើប​ភ្លើង​រលត់​​ តែរថយន្តឆេះអស់ទៅហើយ។ក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ចំពោះមូលហេតុសមត្ថកិច្ចសង្ស័យថាឆ្លងប្រព័ន្ធភ្លើង ប៉ុន្តែអ្នកភូមិបានអះអាងថា រថយន្តខាងលើត្រូវម្ចាស់បើកមកឈប់លើភ្នក់ភ្លើងសំរាម៕ដោយ៖វិចិត្រ