សន្ដិសុខសង្គម

បុរសម្នាក់បានចងកសម្លាប់ខ្លួន សមត្ថកិច្ចសន្និដ្ឋានអាចមានវិបត្តិក្នុងគ្រួសារ

កំពង់ធំ៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលអ្នកភូមិ ហើយសមត្ថកិច្ចសន្និដ្ឋានថាអាចមានវិបត្តិក្នុងគ្រួសារ។ហេតុការណ៍នេះនៅម្តុំវាលស្រែ ឋិតក្នុងភូមិបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមេសា។

ក្មេងស្រីឈ្មោះ អៀន ស្រីពៅ អាយុ១៤ឆ្នាំ ត្រូវជាប្អូនបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា បងប្រុសរបស់នាងបានចេញបាត់ពីផ្ទះ។

រហូតដល់អធ្រាត្រទើបឃើញបងត្រឡប់មកវិញ ហើយក៏ដេកនៅយ៉ខាងមុខផ្ទះ។លុះព្រឹកថ្ងៃទី១៩ មេសាស្រាប់តែបាត់បងមិនដឹងទៅណា។មួយសន្ទុះក្រោយមកមានគេឃើញបងប្រុសចងកនឹង​ដើមក្រសាំងក្រោយផ្ទះស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ឯក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោងបានឱ្យដឹងថា អត្តឃាតជនឈ្មោះ អៀន វី  អាយុ២៥ឆ្នាំ។កន្លងមកឈ្មោះ អៀន វី ធ្លាប់បាននិយាយប្រាប់គេថា ពិបាកចិត្តព្រោះតែឪពុកម្តាយផឹកស្រាស្រវឹងរាល់ថ្ងៃ និងតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។

ករណីនេះតាមការពិនិត្យជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានសន្និដ្ឋានថា សពស្លាប់ដោយចងកពិតប្រាកដមែនដោយអាចមកពីមានវិបត្តិក្នុងគ្រួសារ៕ដោយ៖វិចិត្រ